ភ្នំពេញ៖ ក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ បានរៀបចំជាកញ្ចប់ទស្សនកិច្ចកម្សាន្តទៅកាន់ខេត្តសៀមរាប និងតំបន់ផ្សេងៗ រួមនឹងការផ្សព្វផ្សាយមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាខ្មែរ នៅខេត្តសៀមរាប ក្នុងតម្លៃពិសេសដែលមិនធ្លាប់មាននឹងការស្នាក់នៅក្នុងសណ្ឋាគារដ៏ប្រណិត និងការទទួលទានម្ហូបអាហារដ៏មានឱជារស នៅក្នុងបរិយាកាសដ៏ល្អសាក សមបំផុតក្នុងដំណើរកម្សាន្តផងដែរ។
នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការក្រសួងទេសចរណ៍ ដើម្បីផ្សព្វផ្សាយពីកញ្ចប់ទស្សនកិច្ចកម្សាន្តក្នុងតម្លៃពិសេសនេះ លោក ឈុន មករា ប្រធាននាយកដ្ឋានទីភ្នាក់ងារដឹកជញ្ជូន និងមគ្គុទ្ទេសក៍ទេសចរណ៍ បានបញ្ជាក់ថា គោលដៅសំខាន់នៃកញ្ចប់ទស្សនកិច្ចកម្សាន្តនេះ គឺដើម្បីជំរុញទេសចរណ៍ផ្ទៃក្នុង ធ្វើដំណើរកម្សាន្តតាមរយៈកញ្ចប់ទស្សនកិច្ច ដែលបង្កើតជាតម្លៃនៃដំណើរកម្សាន្ត បទពិសោធន៍ថ្មី និងធានាបាននូវសុវត្ថិភាពជូនទេសចរណ៍ក្នុងដំណាក់កាលជំងឺកូវីដ-១៩ ពិសេសត្រៀមទទួលទេសចរ ក្នុងអំឡុងពេលឈប់សម្រាកការងារពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ខាងមុខ។
លោក ឈុន មករា បានបន្ថែមថា ដំណើរកញ្ចប់ទស្សនកិច្ចលំដាប់ផ្កាយ៥ ដោយអ្នកទេសចរទាំងអស់ អាចសម្រាកនៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ នៅក្នុងតម្លៃយ៉ាងពិសេសបំផុតដែលមិនធ្លាប់មានពីមុនមក ដែលគោលដៅនៃដំណើរកម្សាន្តនេះ គឺផ្តោតសំខាន់ទៅលើខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏អស្ចារ្យសម្រាប់ប្រទេសកម្ពុជា។
សូមបញ្ជាក់ថា កញ្ចប់ទស្សនកិច្ចកម្សាន្តពិសេសនេះជាទស្សនកិច្ចដែលបានរៀបចំទុកជាមុន និងជាទីទំនុកចិត្តសម្រាប់អ្នកទេសចរក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព ដែលមានទាំងកញ្ចប់ទស្សនកិច្ចរយៈពេល២ថ្ងៃ និងរយៈពេល៣ថ្ងៃ សម្រាប់អ្នកដែលមានចំណូល តិច និងចំណូលមធ្យមក៏អាចចូលរួមបានផងដែរ។
លោក ឈុន មករា តំណាងឱ្យក្រសួងទេសចរណ៍ បានថ្លែងអំណរគុណដល់ការីទេសចរណ៍ដែលមាន Beltei Tour, Charming (Cambodia), Khmer Selfie Tours, MYT Tours, Nelin Star, World Express និង Loro Asia Tours ដែលបានផ្តល់កិច្ចសហការបញ្ចុះតម្លៃកញ្ចប់ពិសេសសម្រាប់ទាក់ទាញទេសចរផ្ទៃក្នុងទៅកាន់ខេត្តសៀមរាប និងខេត្តផ្សេងៗ និងសណ្ឋាគារលំដាប់ផ្កាយ៥ ដូចជា Meridien. Angkor, Regency Angkor និង Empress Angkor ដែលបានផ្តល់តម្លៃពិសេសក្នុងកញ្ចប់ទស្សនកិច្ចនេះផងដែរ៕