ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កម្ពុជា ប្រជុំផ្សព្វផ្សាយស្តីពី “ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៣ ឆ្នាំ២០២០” រវាងកម្ពុជា-ចិន តាមប្រព័ន្ធវីដេអូរ

ភ្នំពេញ៖ នៅថ្ងៃ ទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៣ ឆ្នាំ២០២០ (The 3rd China International Expo 2020) រវាងកម្ពុជា-ចិន ដែលបានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ ដោយមានការសម្របសម្រួលពីធនាគារចិន (Bank of China) លីមីតធីត ដឹកនាំដោយ លោក ស៊ុន ចិនហៃ (SUN Chenhai) អគ្គនាយករង នៃការិយាល័យពិព័រណ៍នាំចូលអន្តរជាតិចិន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឍមណ្ឌលពិព័រណ៍និងសាលសន្និសីទជាតិទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។

គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីផ្សព្វផ្សាយអំពីព័ត៌មានសំខាន់ៗនៃព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥-១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងអំពីទំនាក់ទំនងការទូតដ៏យូរអង្វែងរវាងកម្ពុជា-ចិន ដែលបានបង្កើនចំណងមិត្តភាពទ្វេភាគីកាន់តែរឹងមាំពីមួយឆ្នាំទៅមួយឆ្នាំ និងបានក្លាយទៅជាមិត្តភាពដែកថែប មិនអាចកាត់ផ្តាច់បានក្នុងការរួមគ្នាកសាងវឌ្ឍនភាព វិបុលភាព និងការយល់ចិត្តយល់ថ្លើមគ្នាទៅវិញទៅមក។ ហើយកម្ពុជា-ចិន បានក្លាយជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១៣ និងឈានដល់បង្កើត សហគមន៍វាសនារួម កម្ពុជា ចិន នៅឆ្នាំ២០១៩។

លោករដ្ឋមន្ត្រី បានស្នើភាគីចិនឱ្យជួយគាំទ្រអភិវឌ្ឍន៍ធុរកិច្ចដែលកំពុងងើបឡើង ដូចជា សេដ្ឋកិច្ចឌីជីថល ធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិច ជាដើម ។ និងជួយកម្ពុជារៀបចំរចនាសម្ព័ន្ធឧស្សាហកម្មឱ្យប្រសើរឡើង និងលើកកម្រិតឧស្សាហូបនីយកម្មស្របតាមការវិវឌ្ឍនៃសេដ្ឋកិច្ចសកលផងដែរ។

សូមបញ្ជាក់ថា កម្ពុជា ធ្លាប់បានចូលរួមព្រឹត្តិការណ៍ពិព័រណ៍នេះ ចំនួន ២ លើកមកហើយ ដែលដឹកនាំដោយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំ និងចូលរួមពិព័រណ៍អន្តរជាតិ និងពិព័រណ៍ពិភពលោក គឺលើកទី១ នៅឆ្នាំ២០១៨ និងលើកទី២ នៅឆ្នាំ២០១៩។ កាលពីឆ្នាំ២០១៩ កន្លងទៅ កម្ពុជាបានទទួលភារៈជាប្រទេសកិត្តិយសក្នុងពិព័រណ៍ដ៏មានសារៈប្រយោជន៍នេះ៕