ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ស្រ្តីវ័យជាង៥០​ឆ្នាំឈ្មោះ​ ហ៊ើយ រ៉ា ចំណាយពេល២០ដើរចាប់មេអំបៅលក់ឲ្យភោជនីយដ្ឋាននានានៅក្រុងសៀមរាប

សៀមរាប ៖ជាទូទៅតាំងពីបុរាណមកគេធ្លាប់បានដឹងតែពីការចិញ្ចឹម ដង្កូវនាង ដើម្បីផលិតសរសៃសូត្រលក់និងមានភាពល្បីល្បាញ​លើសកល លោក ប៉ុន្តែសម្រាប់អ្នកស្រី ហ៊ើយ រ៉ា ដែលអាយុងជាង៥០ឆ្នាំ​​ រស់នៅក្នុងតំបន់អង្គរមានរបរមួយប្រចាំគ្រួសារ គឺការដើរចាប់មេអំបៅលក់។

អ្នកភូមិបានឱ្យដឹងថា ការ​​ដើរចាប់មេអំបៅពីកន្លែងមួយទៅកន្លែងមួយ ដើម្បីផ្គត់ផ្គង់តាមភោជនីយដ្ឋានដែលមានតម្រូវការមេ​អំបៅសម្រាប់​​ការលម្អក៏ដូចជាភាពទាក់ទាញដល់ភ្ញៀវជាតិ-អន្តរជាតិក៏ដូចជាការអភិរក្សមេអំបៅឱ្យបានច្រើន ប្រកបដោយសោភណភាព ធម្ម​ជាតិ។

មុខរបរនេះមានរយៈពេលប្រមាណ២០ឆ្នាំមកហើយដែលគ្រួសារ អ្នកស្រីហ៊ើយ រ៉ា រស់នៅភូមិវាល សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប ចាប់យកជារបរដើរចាប់ មេអំបៅដ៏ជំនាញដើម្បីលក់តាមហាង ឬ ភោជនីយដ្ឋានក្នុងក្រុងសៀមរាប ហើយតម្លៃមេអំបៅ ១ ម៉ឺនទៅ ២ម៉ឺនរៀល ដោយ​ក្នុង​​ ១​ខែ​​​​​​បាន៦០ទៅ ៧០ម៉ឺនរៀល ។
អ្នកស្រីបានរៀបរាប់ថា ជារៀងរាល់ថ្ងៃ អ្នកស្រី រួមនិងកូនៗត្រូវចែកគោលដៅគ្នា ដើម្បីតាមចាប់មេអំបៅ ដែលពេលខ្លះនៅជិះផ្ទះ ពេលខ្លះដើរចាប់នៅឆ្ងាយពីផ្ទះ ។ ចាប់ក្នុងព្រៃខាងកើត អង្គរ ជួនកាលពេលខែអត់ក៏មិនសម្បូរ មេអំបៅ បង្ខំចិត្តទៅរកនៅជិតភ្នំបាខែងដោយ​ជិះកង់​ឌុបកូនទៅ ហើយដល់ខែវស្សាមេអំបៅសម្បូរក៏ចាប់ជិតផ្ទះទៅមិនចំណាយពេល និងចម្ងាយផ្លូវឆ្ងាយដូចរដូវប្រាំងឡើយ។
ក្រៅពីចាប់មេអំបៅលក់ អ្នកស្រី រ៉ា វ័យជិត៥០ឆ្នាំក៏ប្រមូលចាប់ពពួកដង្កូវសម្រាប់ភ្ញាស់ជាមេអំបៅផងដែរ ។ អ្នកស្រីលើកឡើងថា ការភ្ញាស់នេះអាស្រ័យតាមពូជដង្កូវ ខ្លះ១សប្ដាហ៍ខ្លះកន្លះខែ ទើបអាចញាស់ជាមេអំបៅយកទៅលក់បាន ។ជារបរដែលមានចំណូលទាបក៏ពិតមែន តែអ្នកស្រី​ហ៉ើយ រ៉ា រំឭកថា វាបានជួយដោះស្រាយជីវភាពគ្រួសារអ្នកស្រីបានជា រហូតមកដូចជា បានទិញអង្ករ និងម្ហូបចិញ្ចឹមគ្រួសារជាដើម។

បច្ចុប្បន្ន អ្នកស្រីមានពេល សម្រាកច្រើនដោយសារ វិបត្តិជំងឺកូវីដ-១៩ ភោជ នីយដ្ឋានមិនសូវ កុម្ម៉ង់មេអំបៅទេ។តាមពិតទៅការងារអ្វីក៏មានតម្លៃដែរឱ្យតែប្រកបដោយភាពសុចរិតទៀងត្រង់ និងមានឱកាសទាញបានផលសម្រាប់ដោះស្រាយជីវភាពគ្រួសារ៕

 

ដោយ៖សំរិត