ភ្នំពេញ៖ បន្ទាប់ពីព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ លុបឈ្មោះ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ចេញពីក្របខ័ណ្ឌ កងយោធពលខេមរភូមិន្ទ ឥឡូវនេះ លោក រស់ សារ៉ុម បានប្តឹងអតីតមន្ត្រីប៉េអឹមរូបនេះ ទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឲ្យស៊ើបអង្កេតបន្ថែមទៀត។
តាមពាក្យបណ្តឹងរបស់ លោក រស់ សារ៉ុម ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ បានដាក់ជូនលោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ស្នើសុំឲ្យពិនិត្យ និងស្រាវជ្រាវ រកទោសកំហុសរបស់ លោក គឹម រស្មី អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ពាក់ព័ន្ធ ករណីមានទ្រព្យសម្បត្តិដោយខុសច្បាប់ និងទទួលផលបន្តពីបទល្មើសពុករលួយ។
ពាក្យបណ្តឹងរបស់លោករស់ សារ៉ុម យកជាភស្តុតាង ជូនអង្គភាពប្រឆាំងអំពើពុករលួយ សម្រាប់បើកការស៊ើបអង្កេត លើលោក គឹម រស្មី គឺសកម្មភាព ចែកលុយកូនៗ ៥នាក់ ក្នុងម្នាក់ៗទទួលបាន១០ម៉ឺនដុល្លារអាមេរិក នៅក្នុងពិធីខួបកំណើតរបស់លោក ដែលត្រូវបែកធ្លាយវីដេអូរ លើបណ្តាញសង្គមហ្វេសប៊ុក។
សូមបញកជាក់ថា បន្ទាប់ពីមាន ការរិះគន់លើបណ្តាញសង្គមហ្វេសប៊ុក អំពីសកម្មភាព អួតអាង សំញ៉ែងទ្រព្យសម្បត្តិ របស់លោក គឹម រស្មី ក្នុងពិធីខួបកំណើត ព្រះមហាក្សត្រ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ លុបឈ្មោះ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធខេត្តរតនគិរី ចេញពីក្របខ័ណ្ឌ កងយោធពលខេមរភូមិន្ទ។
ជាមួយគ្នានោះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជអាណាចក្រ កម្ពុជា កាលពីយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ ក៏បានបង្ហោះ សារជាអក្សរលើទំព័រហ្វេសប៊ុករបស់សម្តេច ផងដែរថា “នេះគឺជាវះកាត់ប្រកបដោយការឈឺចាប់។ នេះជាអភិក្រមទី៥គឺការវះកាត់។”
ទោះជាយ៉ាងណា មានប្រជាពលរដ្ឋ ជាច្រើន ជាពិសេស អ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានអបអរសាទរ ចំពោះសេចក្តីសម្រេចចិត្តរបស់សម្តេច ប្រមុខរាជរដ្ឋាភិបាល យ៉ាងពេញទំហឹង៕