ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេច​តេ​ជោ ហ៊ុន សែន ប្រាប់​យុវជន​ថា សង្គ្រាម ដែល​បាន​កើតឡើង​កន្លងមក គឺ​បណ្តាលមកពី​ការអុជ​អាល​, ញុះញុង​, អូសទាញ​, លាប​ពណ៌ និង​ជ្រៀតជ្រែក​ពី​បរទេស និនិងពីនិងពីក្រុមអគតិមួយចំនួន

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​អត្ថបទ និង​បង្ហោះ​រូបថត​ស​ខ្មៅ​របស់​សម្តេច កាលពី​ជា​ទាហាន ក្នុងសម័យ​តស៊ូ ដោយ​សម្តេច​បាន​រម្លឹក​ពី​ជីវិត​យុវជន ក្នុងសម័យ​សង្គ្រាម​។ សង្គ្រាម ដែល​បាន​កើតឡើង​កន្លងមក ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ក្រើនរម្លឹក​ដល់​យុវជន​ថា គឺ​បណ្តាលមកពី​ការអុជ​អាល​, ញុះញុង​, អូសទាញ​, លាប​ពណ៌ និង​ជ្រៀតជ្រែក​ពី​បរទេស និង​ពី​ក្រុម​អគតិ​មួយចំនួន​។​

​នៅលើ​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ ហ៊ុន សែន បានសរសេរថា “​រូបថត​ជ្រុង​មួយ​នៃ​ជីវិត​យុវជន យុវនារី​ខ្មែរ ក្នុងសម័យ​សង្គ្រាម​រត់​លូន​។ សង្គ្រាម ដែល​បាន​កើតឡើង​កន្លងមក គឺ​បណ្តាលមកពី​ការអុជ​អាល​, ញុះញុង​, អូសទាញ​, លាប​ពណ៌ និង​ជ្រៀតជ្រែក​ពី​បរទេស និង​ពី​ក្រុម​អគតិ​មួយចំនួន ដែល​បាន​រុញ​ប្រទេសជាតិ អោយ​ធ្លាក់​ក្នុង​វិបត្តិ​សង្គ្រាម និង​របប​ប្រល័យពូជសាសន៍​”​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា “​ជីវិត​យុវវ័យ​ខ្ញុំ​ផ្ទាល់ គឺ​គ្មាន​ស្គាល់​អ្វីដែល​ហៅថា សេចក្តីសុខ និង​សប្បាយ​។ សូម្បីតែ​ការសិក្សា​ក៏​មិនបាន​ពេញលេញ​ដែរ​។ ខ្ញុំ​បាន​ចូលធ្វើ​ទាហាន​តាំងពី​អាយុ ១៨​ឆ្នាំ ដើម្បី​វាយ​ពួក​ប៉ុលពត ត្រូវរបួស​ពេញ​ខ្លួន និង​ពិការភ្នែក​ម្ខាង​មកទល់​សព្វថ្ងៃ​ទៀតផង​។ យើង​ឆ្អែត​ហើយ​សង្គ្រាម និង​ការ​និរាស​ព្រាត់ប្រាស់​។ ពេលនេះ​យើង​ជ្រើសរើស “​សន្តិភាព​” ជាធំ​លើស​អ្វីៗ​ទាំងអស់ ព្រោះ​គឺជា​ដង្ហើម​នៃ​ជីវិត​”​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា “​យើង​នាំគ្នា​ថែរក្សា និង​ការពារ​សន្តិភាព​អោយបាន​រឹងមាំ​ល្អ ដើម្បី​ប្រទេសជាតិ​កាន់តែ​រីកចម្រើន ហើយ​អនាគត​កូនក្មួយ​យុវជន​យុវនារី ក៏​កាន់​តែមាន​ឱកាសល្អៗ​ឆ្ពោះទៅរក​ជីវិត​រុងរឿង​ក្នុងសម័យ​សន្តិភាព​។ ជូនពរ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​យុវជន​ជួបតែ​សេចក្តីសុខ និង​បាន​សប្បាយរីករាយ​ចុង​សប្តាហ៍​”៕​