ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរអត្ថបទ និងបង្ហោះរូបថតសខ្មៅរបស់សម្តេច កាលពីជាទាហាន ក្នុងសម័យតស៊ូ ដោយសម្តេចបានរម្លឹកពីជីវិតយុវជន ក្នុងសម័យសង្គ្រាម។ សង្គ្រាម ដែលបានកើតឡើងកន្លងមក ត្រូវបានសម្តេចតេជោ ហ៊ុន សែន ក្រើនរម្លឹកដល់យុវជនថា គឺបណ្តាលមកពីការអុជអាល, ញុះញុង, អូសទាញ, លាបពណ៌ និងជ្រៀតជ្រែកពីបរទេស និងពីក្រុមអគតិមួយចំនួន។
នៅលើហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានសរសេរថា “រូបថតជ្រុងមួយនៃជីវិតយុវជន យុវនារីខ្មែរ ក្នុងសម័យសង្គ្រាមរត់លូន។ សង្គ្រាម ដែលបានកើតឡើងកន្លងមក គឺបណ្តាលមកពីការអុជអាល, ញុះញុង, អូសទាញ, លាបពណ៌ និងជ្រៀតជ្រែកពីបរទេស និងពីក្រុមអគតិមួយចំនួន ដែលបានរុញប្រទេសជាតិ អោយធ្លាក់ក្នុងវិបត្តិសង្គ្រាម និងរបបប្រល័យពូជសាសន៍”។
សម្តេចតេជោ ហ៊ុន សែន បន្តថា “ជីវិតយុវវ័យខ្ញុំផ្ទាល់ គឺគ្មានស្គាល់អ្វីដែលហៅថា សេចក្តីសុខ និងសប្បាយ។ សូម្បីតែការសិក្សាក៏មិនបានពេញលេញដែរ។ ខ្ញុំបានចូលធ្វើទាហានតាំងពីអាយុ ១៨ឆ្នាំ ដើម្បីវាយពួកប៉ុលពត ត្រូវរបួសពេញខ្លួន និងពិការភ្នែកម្ខាងមកទល់សព្វថ្ងៃទៀតផង។ យើងឆ្អែតហើយសង្គ្រាម និងការនិរាសព្រាត់ប្រាស់។ ពេលនេះយើងជ្រើសរើស “សន្តិភាព” ជាធំលើសអ្វីៗទាំងអស់ ព្រោះគឺជាដង្ហើមនៃជីវិត”។
សម្តេចតេជោ ហ៊ុន សែន បន្តថា “យើងនាំគ្នាថែរក្សា និងការពារសន្តិភាពអោយបានរឹងមាំល្អ ដើម្បីប្រទេសជាតិកាន់តែរីកចម្រើន ហើយអនាគតកូនក្មួយយុវជនយុវនារី ក៏កាន់តែមានឱកាសល្អៗឆ្ពោះទៅរកជីវិតរុងរឿងក្នុងសម័យសន្តិភាព។ ជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយយុវជនជួបតែសេចក្តីសុខ និងបានសប្បាយរីករាយចុងសប្តាហ៍”៕