ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បង្ហាញលទ្ធផលវិភាគលើករណីម្សៅទឹកដោះគោ Nutrilatt ចំនួន ៦គំរូ

ថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅ សាលប្រជុំនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ មានរៀបចំ កិច្ចប្រជុំស្តីពីការបង្ហាញលទ្ធផលវិភាគម្សៅទឹកដោះគោម៉ាក Nutrilatt លើលេខ Batch ចំនួន ៦ (B/N: 487, 488, 536, 537, 538, 539) ដែលធ្វើការវិភាគដោយមន្ទីរពិសោធន៍ឯករាជ្យនិងមានការទទួលស្គាល់ជាអន្តរជាតិ (Independent and Internationally Accredited Laboratory) ឈ្មោះ Eurofins Food Testing Singapore PTE LTD. នៅប្រទេសសិង្ហបុរី ក្រោមកិច្ចសម្របសម្រួលរបស់ ឯកឧត្តម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»។

កិច្ចប្រជុំនេះមានការចូលរួមពី តំណាងមាតាបិតានៃទារករងគ្រោះ តំណាងក្រុមហ៊ុន Nutrilatt តំណាងអង្គការ WHO អង្គការ UNICEF អង្គការ Helen Keller International និងតំណាងមជ្ឈមណ្ឌលគាំពារមាតានិងទារកនៃក្រសួងសុខាភិបាល។ ក្នុងនោះដែរ របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន មតិស្វាគមន៍របស់ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋាន «ក.ប.ប.» បទបង្ហាញអំពីសាវតានិងដំណើរការស៊ើបអង្កេតពាក់ព័ន្ធនឹងករណី Nutrilatt មតិយោបល់របស់តំណាងមាតាបិតាទារករងគ្រោះ មតិយោបល់របស់តំណាងក្រុមហ៊ុន Nutrilatt មតិយោបល់ចូលរួមរបស់តំណាងអង្គការអន្តរជាតិ (WHO, UNICEF, HKI) និងមជ្ឈមណ្ឌលគាំពារមាតានិងទារក ការកាត់ស្រោមសំបុត្រនិងប្រកាសលទ្ធផលវិភាគ នៃម្សៅទឹកដោះគោ Nutrilatt លើ B/N: 487, 488, 536, 537, 538, 539។ ជាលទ្ធផលនៃការវិភាគ បានបង្ហាញថា ជាតិដែក (Iron) ដែលមាននៅក្នុងគ្រប់ B/N: 487, 488, 536, 537, 538, 539 មានកម្រិតទាបជាងការប្រកាសរបស់ក្រុមហ៊ុន និងស្តង់ដារកូដិចអន្តរជាតិ (Codex International Standard)។

ដោយមានការឯកភាពពីតំណាងមាតាបិតានិងតំណាងក្រុមហ៊ុន Nutrilatt, អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នឹងរៀបចំជំនួបពិភាក្សារវាងតំណាងមាតាបិតានិងតំណាងក្រុមហ៊ុន Nutrilatt ដើម្បីរកដំណោះស្រាយ នាថ្ងៃទីព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។

សូមជម្រាបផងដែរថា អគ្គនាយកដ្ឋាន ក.ប.ប. ដែលផ្តល់អាណត្តិដោយច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព ទំនិញ និងសេវា និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ តែងតែយកចិត្តទុកដាក់ក្នុងអនុវត្តតួនាទីភារកិច្ចក្នុងស្មារតីការពារសុខមាលភាពប្រជាពលរដ្ឋ និងការពារផលប្រយោជន៍អ្នកប្រើប្រាស់។