ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចិនច្រានចោលគម្រោងអាមេរិកក្នុងការបញ្ជូនយន្តហោះចារកម្មទៅកាន់តំបន់ហាមហោះហើរ

អ្នកនាំពាក្យក្រសួងការពារជាតិរបស់ប្រទេសចិន លោក Wu Qian បានប្រកាសច្រានចោល កាលពីថ្ងៃអង្គារ ទី២៥ ខែសីហានេះ នូវគម្រោងរបស់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនយន្តហោះចារកម្មទៅកាន់តំបន់ហាមហោះហើរនៅសមុទ្រចិនខាងត្បូង ដែលត្រូវបានកំណត់ដោយកងកម្លាំងយោធាចិន ដែលនេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ NHK ។
សេចក្តីប្រកាសបដិសេធរបស់ចិន ត្រូវបានធ្វើឡើងខណៈដែលកងកម្លាំងយោធារបស់ប្រទេសនេះ នឹងបើកធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតនៅសមុទ្រចិនខាងត្បូងចាប់ពីចុងខែសីហានេះទៅ និងបានកំណត់តំបន់ហាមហោះហើរក្នុងអំឡុងពេលនៃការធ្វើសមយុទ្ធយោធានោះ ប៉ុន្តែខាងភាគីអាមេរិក បានលើកឡើងថា ខ្លួននឹងបញ្ជូនយន្តហោះចារកម្មប្រភេទ U-2 ទៅកាន់សមុទ្រចិនខាងត្បូង ដើម្បីពិនិត្យមើលពីសមយុទ្ធយោធារបស់ចិន ។
លោក Wu Qian បានព្រមានថា សកម្មភាពរបស់សហរដ្ឋអាមេរិក ដែលគ្រោងនឹងបញ្ជូនយន្តហោះចារកម្មប្រភេទ U-2 ទៅកាន់សមុទ្រចិនខាងត្បូង ក្នុងអំឡុងពេលដែលកងកម្លាំងយោធាចិនកំពុងធ្វើសមយុទ្ធ អាចនាំអោយមានការយល់ច្រឡំ និងអាចមានការវាយប្រហារណាមួយកើតឡើងជាយថាហេតុ ៕