ទី២១ កញ្ញា ជាទិវាសន្តិភាពអន្តរជាតិ ដែលមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៥៥ បានអនុម័តជា ឯកច្ឆន្ទកំណត់យកថ្ងៃនេះ ជាទិវាសន្តិភាពប្រចំាឆ្នាំ ដើម្បីលើកកម្ពស់ ពង្រឹងឧត្តមគតិសន្តិភាព សម្រាប់ប្រជាពលរដ្ឋនៅលើសកលលោក។
កម្ពុជាមិនខុសប្រទេសនានានៅលើសកលលោក ត្រូវការសុខសន្តិភាព។ កម្ពុជាដែលបានឆ្លងកាត់ភ្លើង សង្រ្គាមជាច្រើនទសវត្សរ៍ បានស្គាល់យ៉ាងច្បាស់ពីទុក្ខវេទនា ការបែកបាក់ សេចក្តីវិនាសខ្លោចផ្សារបំផុត ដែលបណ្តាលមកពីសង្រ្គាម។
ចាប់តាំងយើងបានកសាងសន្តិភាពពេញលេញក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ យើងទទួលបាននូវ ការអភិវឌ្ឍ រីកចម្រើន ស្ទើរគ្រប់វិស័យ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពកក់ក្តៅ មានជីវភាពធូរធា និងធ្វើដំណើរបានគ្រប់ទីកន្លែងនៅទូទំាងប្រទេស។
ដោយសារសុខសន្តិភាពនេះ កម្ពុជាបានកំពុងបោះជំហានយ៉ាងរឹងមាំ និងមានការអភិវឌ្ឍឈានឡើងជាលំដាប់ ឈានទៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ បន្ទាប់ពីយើងបានសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ២០១៥។
ក្នុងន័យនេះ សូមបងប្អូនជនរួមជាតិបន្តថែរក្សាសុខសន្តិភាពដែលយើងមានសព្វថ្ងៃនេះ ដើម្បីទទួលបានការអភិវឌ្ឍ បន្តទៀត។ សុខសន្តិភាពនៅក្នុងតំបន់និងសកលលោក ជាកត្តាចម្បងចាំបាច់ និងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេស។
តំបន់ឬប្រទេសមួយមានសន្តិភាពគឺជាកន្លែងមួយ ដែលមានការអភិវឌ្ឍយ៉ាងពិតប្រាកដ។ សន្តិភាព និងការអភិវឌ្ឍត្រូវដើរទន្ទឹមគ្នា៕