ភ្នំពេញ៖ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារតាមរយៈប្រព័ន្ធវីដេអូជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយ លោក Alexander Feldman ប្រធានក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដោយមានការចូលរួមពីតំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។
នេះយោងតាមការផ្សព្វផ្សាយ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ ។
លោក សុខ ចិន្តាសោភា បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍ចំពោះវត្តមានរបស់គណៈប្រតិភូដែលបានមកបំពេញទស្សនកិច្ចជារៀងរាល់ឆ្នាំនៅកម្ពុជា ហើយនេះជាលើកទី១នៃជំនួបប្រជុំតាមរយៈប្រព័ន្ធវីដេអូ ដោយសារការរាតត្បាតជាសកលរបស់ជំងឺកូវីដ-១៩។
លោកអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសាទរដល់ក្រុមហ៊ុនអាមេរិកនានាដែលបានបង្កើនការលក់នៅកម្ពុជា ខណៈដែលតម្រូវការទិញរបស់ប្រជាពលរដ្ឋកម្ពុជាមានការកើនទ្បើងតាមរយៈការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់នាពេលកន្លងមក។
លោកបានបន្ថែមទៀតថា បើទោះបីជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យជាច្រើនក្នុងសេដ្ឋកិច្ច តែវាបានបង្កើតឱកាសដល់ក្រុមហ៊ុនអាមេរិកដែលផ្តល់សេវាកម្មអនឡាញ ដូចជាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកជាដើម។
លោក សុខ ចិន្តាសោភា បានជម្រាបជូនគណៈប្រតិភូអំពីវិធានការកំណែទម្រង់នាពេលថ្មីៗរបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងការដាក់ឱ្យដំណើរការនូវប្រព័ន្ធចុះបញ្ជីធុរកិច្ចតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលនឹងទាក់ទាញការវិនិយោគពីបរទេស ជាពិសេស ការវិនិយោគពីក្រុមហ៊ុនអាមេរិកបន្ថែមទៀត ដែលនឹងនាំមកនូវទុនវិនិ យោគប៉ុណ្ណោះទេហើយនឹងនាំមកនូវបច្ចេកវិទ្យាផងដែរ។
លោក Alexander Feldman បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីកម្ពុជា-អាមេរិក ក្នុងឱកាសខួប៧០ឆ្នាំនៃការភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងបានសាទរចំពោះកំណើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២០ ដែលបានកើនឡើងប្រមាណ ១៧ភាគរយ បើធៀបនឹងឆ្នាំ២០១៩។ ជាមួយនឹងការបន្តផ្តល់កិច្ចសហការដ៏ល្អរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការជួយសម្របសម្រួលឆ្លើយតបនូវក្ដីកង្វល់ និងសំណូមពររបស់អ្នកវិនិយោគអាមេរិក ។
លោកប្រធានក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន មានសុទិដ្ឋិយមថា អ្នកវិនិយោគអាមេរិកនឹងមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជានាថ្ងៃអនាគត ៕