ភ្នំពេញ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នេះថា ដើម្បីដោះស្រាយបញ្ហាសំរាម រដ្ឋបាលរាជធានីភ្នំពេញ កំពុងពិចារណា និងវាយតម្លៃ ដោយសម្រេចជ្រើសរើសយកក្រុមហ៊ុនចំនួន៣ ប៉ុណ្ណោះ ក្នុង ចំណោមក្រុមហ៊ុន ដែលបានដាក់ពាក្យស្នើសុំ និងឆ្លងកាត់នីតិវិធីដេញថ្លៃរួចមក ដើម្បីផ្តល់សេវាប្រមូលសំរាម និងសំណល់រឹង ប្រកបលក្ខណៈស្តង់ដារក្នុង រាជធានីភ្នំពេញ។
លោកបន្ដថា ដ្បិតតែពេល វេលានៃការចាប់ផ្តើម ការចូលអនុវត្តការងាររបស់ក្រុមហ៊ុនប្រមូលសំរាមថ្មី មិនទាន់បានកំណត់ជាក់ លាក់ ប៉ុន្តែ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំការប្រមូលសំរាម ដោយបែងចែកខណ្ឌទាំង១៤ ជា៣តំបន់។ តំបន់នីមួយៗ មានមួយក្រុមហ៊ុនមួយ ជាអ្នកទទួលខុសត្រូវ និង រៀបចំតារាងពេលវេលាជាក់លាក់ក្នុងការប្រមូលសំរាមពីគ្រប់ច្រកផ្លូវ ចេញចូល ផងដែរ។
ដោយសារកំណើនប្រជាពលរដ្ឋរាជធានីភ្នំពេញ បានធ្វើឱ្យបរិមាណផលិតសំរាម សំណល់រឹងកាន់តែមានការកើនទ្បើង ដែលជាក់ស្ដែងក្នុងមួយថ្ងៃៗ រាជធានីភ្នំពេញ មានសំរាមប្រមាណជា ៣០០០តោន ដែលត្រូវបានប្រមូល និងដឹកជាប្រចាំទៅចាក់ ចោលនៅទីលានចាក់សំរាមជើងឯក។
សូមបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដកហូតសិទ្ធិប្រមូលសំរាមពីក្ រុមហ៊ុនស៊ិនទ្រី ដើម្បីឲ្យរដ្ឋកាន់កាប់សិន។ ការប្រមូលសំរាមនៅរាជធានីភ្នំពេញ ក៏តម្រូវដាក់ឱ្យដេញថ្លៃជាថ្មី ដើម្បីស្វែងរកក្រុមហ៊ុន ដែលមានសមត្ថភាព បទពិ សោធន៍ ចូលរួមផ្ដល់សេវាប្រមូល និងដឹកជញ្ជូនសំរាម និងសំណង់រឹង នៅរាជធានីភ្នំពេញ ៕