Worldometer បានចុះផ្សាយថា កំណើនមនុស្សស្លាប់ដោយសារវីរុសCovid-19នៅទូទាំងពិភពលោក បានកើនឡើងដល់ជាង១លាននាក់ហើយ គឺចំនួន១០០២៣៨៣ នាក់ និងកំណើនអ្នកឆ្លងសរុបបានកើនឡើងដល់ជាង៣៣លាននាក់ គឺចំនួន ៣៣៣០៣២៣៧នាក់ ខណៈដែលកំណើនមនុស្សជាសះស្បើយពីវីរុសនេះ បានកើនឡើងដល់ជាង២៤លាននាក់ គឺចំនួន២៤៦៣៤១៩៨នាក់ គិតត្រឹមថ្ងៃចន្ទ ទី២៨ ខែកញ្ញានេះ ។
ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃចន្ទនេះដែរ វីរុសCovid-19 បានសម្លាប់មនុស្សថ្មីអស់ជិត៤ពាន់នាក់ គឺចំនួន៣៨៧៣នាក់ និងឆ្លងទៅមនុស្សថ្មីប្រមាណជាង២៥ម៉ឺននាក់ គឺចំនួន២៥១៩១៥នាក់ នៅជុំវិញពិភពលោក ។
ប្រទេសឥណ្ឌា ជាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សឆ្លងវីរុសCovid-19ប្រចាំថ្ងៃច្រើនជាងគេ និងមានមនុស្សស្លាប់ដោយសារវីរុសនេះប្រចាំថ្ងៃច្រើនជាងគេដែរ ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ប្រទេសឥណ្ឌាមានមនុស្សស្លាប់ថ្មីចំនួន១០៤០នាក់ និងមនុស្សឆ្លងថ្មីចំនួន៨២៧៦៧នាក់ ខណៈដែលចំនួនមនុស្សឆ្លងសរុបនៅប្រទេសនេះ កើនឡើងដល់ចំនួន៦០៧៣៣៤៨នាក់ និងចំនួនមនុស្សស្លាប់សរុបកើនឡើងដល់៩៥៥៧៤នាក់ ៕