សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាល៦ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះ ដោយមានរបៀបវារៈចំនួន១១។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារក្នុងឱកាសកាសបើកសម័យប្រជុំព្រះអង្គបានមានព្រះរាជបន្ទូលថា ការបើកប្រជុំជាទៀតទាត់របស់រដ្ឋសភា ជាកិច្ចការដ៏សំខាន់ រួមចំណែកក្នុងការពង្រឹងនីតិរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ព្រះមហាក្សត្រ បានកោតសរសើរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិក សមាជិការដ្ឋសភាទាំងអស់ ដែលបានខិតខំយកអស់កម្លំាងកាយចិត្តក្នុងការបំពេញតួនាទីស្នូលរបស់ខ្លួន ក្នុងនោះ ការពិនិត្យសិក្សា និងអនុម័ត ច្បាប់នានា គ្របដណ្តប់ លើវិស័យសំខាន់ៗ សម្រាប់កសាងនិងអភិវឌ្ឍជាតិ ក៏ដូចជាការជម្រុញនិងលើកកម្ពស់ការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់និងអន្តរជាតិ។
ព្រះមហាក្សត្រទ្រង់បានមានព្រះរាជបន្ទូលបន្ថែមថា ច្បាប់ទំាងឡាយដែលរដ្ឋសភា បានអនុម័ត គឺជាមាគ៌ាដ៍សំខាន់ចំាបាច់សម្រាប់ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការ ប្រើប្រាស់ជាឧត្តមប្រយោជន៍ក្នុងសកម្មភាពនៃការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ស្របតាមសភាពការណ៍ជាក់ស្តែង និងសកលភាវូបនីយកម្ម។
ព្រះករុណជាអម្ចាស់ បានកោតសរសើរយ៉ាងក្រៃលែងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជាមគ្គទេសក៍ ដឹកនាំប្រទេសជាតិប្រកបដោយភាពឈ្លាសវៃ ប្រកាន់ខ្ជាប់នូវគោលនយោបាយជាតិដ៏ត្រឹមត្រូវ ដោយធានាស្ថិរភាព ឯករាជ្យនិងអធិបតេយេ្យភាពជាតិ ព្រមទាំងទប់ស្កាត់បាននូវអតិផរណា ដែលជាឌឿនសេដ្ឋកិច្ចដ៏រឹងមាំ សម្រេចបាននូវសមិទ្ធផលល្អៗជាច្រើន ជូនប្រជាពលរដ្ឋ បានរស់នៅប្រកបដោយសេចក្តីសុខសន្តិភាព និងសុខដុមរមនា។
ក្រោយពីបានទទួលព្រះរាជសាររបស់អង្គព្រះមហាក្សត្រ អង្គប្រជុំរដ្ឋសភា បានពិភាក្សាអនុម័ត លើរបៀបវារៈ តាមនីតិវិធីជាបន្តបន្ទាប់៕