ភ្នំពេញ៖ ការ៉ាស់សាំងសូគីមិចនៅច្រមុះជ្រូកក្បាលថ្នល់ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ រុះរើ និងឈូសឆាយ ខណៈការដោះស្រាយផលប៉ះពាល់ជាមួយនឹងម្ចាស់ទីតាំងបានបញ្ចប់ ។
រដ្ឋបាលរាជធានីភ្នំពេញបាន សុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីសុំប្ដូរទីតាំងការ៉ាសសាំងខាងលើចេញ ដើម្បីកែសម្រួលប្រព័ន្ធសារាចរនៅតំបន់ក្បាលថ្នល់តែងតែស្ទះចរាចរណ៍រាល់ថ្ងៃ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោងនៃការកែសម្រួលប្រព័ន្ធសារាចរនៅតំបន់ក្បាលថ្នល់ ឱ្យកាន់តែប្រសើរឡើង បានឈានដល់ការរុះរើ និងឈូសឆាយ ទីតាំងការ៉ាស់សាំងសូគីមិច ខណៈ ការដោះស្រាយផលប៉ះពាល់ជាមួយនឹងម្ចាស់ទីតាំងបានបញ្ចប់ ។
ក្រុម ការងារបាន ដាក់គ្រឿងចក្រដើម្បីឈូសឆាយអនុវត្តទៅតាមគម្រោង ក្នុងការកែសំរួលប្រពន្ធចរាចរណ៍នៅតំបន់នេះ ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសុំគោល ការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីសូមយកការ៉ាស សាំងសូគីមិចចេញពីច្រមុះជ្រូកក្បាលថ្នល់ ដោយប្តូទៅកាន់ទីតាំងផ្សេង ដើម្បីសម្រួលប្រព័ន្ធចរាចរណ៍នៅតំបន់នេះឱ្យកាន់តែប្រសើរឡើង ពិសេសគឺការតភ្ជាប់មហាវិថី៦០ម៉ែត្រ ត្រង់មកផ្លូវព្រះមុនីវង្សតែម្តង។
លោកសាំ ពិសិដ្ឋ បានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងការកែប្រពន្ធលំហូរសារាចរនៅស្តុបច្រមុះជ្រូកក្បាល ថ្នល់នេះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងពង្រីកផ្លូវព្រះមន្នីវង្សឲ្យបានបីគន្លងនិងផ្លូវលេខ២៧១ បីគន្លង នៅពេលយកការ៉ាស់សាំងសូគីមិចនេះចេញរួចរាល់៕