លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានថ្លែងកាលពីថ្ងៃទី១១ខែកុម្ភះនេះថា តាមរយៈរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាគឺបានដាក់សំណើរ ៣ចំណុចសំខាន់ៗ ដើម្បីពង្រឹងទំនាក់ទំនង ទ្វេភាគីឡើងវិញ ជាពិសេស ស្នើឲ្យមានកិច្ចសហប្រតិបត្តិការ ផ្នែកនយោបាយ ដែលអាចជាយន្តការក្នុង ការពិគ្រោះយោបល់ រវាងក្រសួងការបរទេសទាំងពីរ ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ខណៈរដ្ឋាភិបាលអ៊ីតាលី មានការគាំទ្រដោយបណ្ដារដ្ឋជាសមាជិកមួយចំនួនទៀតស្នើឲ្យសហគមន៍អឺរ៉ុបយកពន្ធអង្ករពីប្រទេសកម្ពុជា។
លោកបានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី ដែលកំពុងតែកើនឡើងឯកឧត្តមរដ្ឋមន្រ្តីក្រសួងការបរទេស បានលើកសំណើរមួយចំនួនទៅកាន់ភាគីអ៊ីតាលី ដោយក្នុងនោះ ទីស្នើឲ្យមានកិច្ចសហប្រតិបត្តិការផ្នែកនយោបាយអាចជាយន្តការក្នុងការពិគ្រោះយោបល់ផ្នែកនយោបាយ រវាងក្រសួងការបរទេសប្រទេសទាំងពីរ ។
លើសពីនេះប្រទេសទាំងពីរគួររៀបចំឲ្យមានវេទិកា ឬគណៈប្រតិភូធុរកិច្ច ប្រទេសទាំងពីរឲ្យបានញឹកញាប់ ហើយទំនាក់ទំនងរវាងប្រជាជនត្រូវធ្វើឲ្យប្រជាជនមានទំនាក់ទំនង កាន់តែស្អិតរមួតថែមទៀត ។
អ្នកនាំពាក្យខាងលើបន្ថែមថា លោកឯកអគ្គរដ្ឋទូតបានស្វាគមន៍ និងទទួលយកសំណើទាំងនេះ ដើម្បីដាក់ជូនថ្នាក់ដឹកនាំ អ៊ីតាលី ជាពិសេសនោះ នឹងជំរុញសមាគមធុរកិច្ចអ៊ីតាលីនៅកម្ពុជា ដើម្បីឲ្យមានការផ្លាស់ប្ដូរបទពិសោធន៍ និងភាពរីកចម្រើនទៅវិញទៅមក ។
ចំណែក លោក នង វាសនា អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានលើកឡើងថា ទោះបីជាសហគមន៍អឺរ៉ុបចាប់ផ្តើមគិតពន្ធលើការនាំចូលអង្ករពីកម្ពុជាក៏ដោយ ប៉ុន្តែមិនប៉ះពាល់ខ្លាំងនោះទេ ហើយកម្ពុជាត្រូវតែពង្រឹងជំរុញល្បឿននៃការធ្វើកសិកម្មឲ្យបាន២ដងក្នុង១ឆ្នាំ ចាប់ពី៦ឬ៧តោនក្នុងហិកតា នឹងកាត់បន្ថយការចំណាយរបស់ប្រជាកសិករ ដែលធ្លាប់ចំណាយក្នុងបន្ទុកធំផងដែរនាពេលកន្លងមក។
លោកបានបញ្ជាក់ទៀតថា ដោយសារតែទីផ្សារអង្អៀត ហើយបញ្ហាប៉ះពាល់ទីផ្សារអឺរ៉ុបមិនមែនជាបញ្ហាធំទេ រឿងសំខាន់ ផលិតភាពការផលិតឲ្យបានច្រើន បើសិនជាកសិករកម្ពុជាអាចផលិតបាន៣ដងក្នុង១ រដូវ ហើយផលិតបានដូចប្រទេសជិតខាងនោះ រឿងយកពន្ធនិងទីផ្សារមិនជាបញ្ហាចោទខ្លាំងនោះទេ។
គណៈកម្មការអឺរ៉ុប(EU) កាលពីថ្ងៃ១៦ មករា បានប្រកាសថា ចាប់ពីថ្ងៃទី១៨ មករាការនាំចូលអង្ករពីកម្ពុជា និងមីយ៉ាន់ម៉ាទៅកាន់សហភាពអឺរ៉ុបគិតពន្ធ ព្រោះការនាំចូលអង្ករ របស់ប្រទេសទាំងពីរបានធ្វើឲ្យខូចខាត ដល់សេដ្ឋកិច្ចអ្នកផលិតអឺរ៉ុប។
ការសម្រេចគិតពន្ធនេះ ធ្វើឡើងតាមសំណើរបស់ រដ្ឋាភិបាលអ៊ីតាលី ដែលគាំទ្រដោយបណ្ដារដ្ឋ ជាសមាជិកកំពុងដាំដុះស្រូវ នៅសហភាពអឺរ៉ុបផ្សេង ទៀតរួមមាន អេស្ប៉ាញ បារាំង ព័រទុយហ្គាល ក្រិក ហុងគ្រី រូម៉ានី និងប៊ុលហ្គារី ៕