ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ស្នងការនគរបាលរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យ ៧នាក់​ ព័ន្ធនឹង​ករណីប្លន់ ជាង១០ករណី  និងឆក់ទ្រព្យសម្បត្តិ

 

ភ្នំពេញ​៖​ នៅព្រឹកថ្ងៃទី១៣​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ​ លោកវរៈសេនីយ៍ឯក​ ប៊ុន​ សន្យា​ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ បានបង្ហាញមុខក្រុមជនសង្ស័យចំនួន ៧នាក់​ ដែលពាក់ព័ន្ធនឹងករណីប្លន់យកម៉ូតូ​ និងឆក់ទ្រព្យសម្បត្តិ​ របស់ប្រជាពលរដ្ឋកាលពីពេលថ្មីៗនេះ។

លោកវរៈសេនីយ៍ឯក​ ប៊ុន​ សន្យា​ បានប្រាប់ ឲ្យដឹងថា​ ដោយមានការចង្អុលបង្ហាញពី ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោក​ ប៊ុន​ សន្យា​ បានប្រាប់ថា​ នៅថ្ងៃទី១០ និងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបើកការស្រាវជ្រាវរហូតឈានដល់ការកំណត់មុខសញ្ញា និងឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន​ ៧នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស​ (ប្លន់យកម៉ូតូ និងឆក់ទ្រព្យសម្បត្តិ) ពីប្រជាពលរដ្ឋចំនួន ១៥ករណី។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវកម្លាំងជំនាញការិយាល័យកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនីតិវិធី៕