ភ្នំពេញ៖ រោងម៉ាស៊ីនកិនស្រូវ ថន ជា បានប្រកាសទទួលទិញស្រូវសើម ពីកសិករទោះបីសើមជោគក៏ដោយ ដោយក្នុងតម្លៃសមរម្យណាមួយសំរាប់បងប្អូនប្រជាកសិករទទួលយកបាន ។
នេះយោងតាមការផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១៣ ខែតុលានេះ បានឲ្យដឹងថា មាន រោងម៉ាស៊ីន កិនស្រូវ មួយបានប្រកាស ទិញស្រូវសើម ដើម្បីជួយប្រជាកសិករក្នុងស្ថានភាពទឹកជំនន់។
សហព័ន្ធស្រូវអង្ករកម្ពុជា បានសរសេរថា ដោយស្ថិតនៅក្នុងស្ថានភាពទឹកជំនន់បែបនេះ ខាងរោងម៉ាស៊ីន កិនស្រូវ ថន ជា យើងខ្ញុំ សូមចូលរួមជួយប្រជាកសិករតាមរយះ ទទួលទិញស្រូវសើម សើមបែបណាក៏ដោយសើមជោគក៏ដោយ ដោយក្នុងតម្លៃសមរម្យណាមួយសំរាប់គាត់ និងបងប្អូនប្រជាកសិករអាចជួលសំងួតបានបើខ្វះខាតពូជមិនទាន់ចង់លក់ស្រូវ (ព្រោះយើងដឹងថា បើច្រូតសើមពេក មិនមានថ្ងៃ សំរាប់បងប្អូនហាលស្រូវទេ )។
សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១៣ ខែតុលានេះ បានចេញសេចក្តីអំពាវនាវមួយដោយបញ្ជាក់ថា ដោយស្ថានភាពនៃគ្រោះទឹកជំនន់នាពេលបច្ចុប្បន្នមានការកើនឡើងយ៉ាងគំហុកនៅតាមបណ្តាខេត្តមួយចំនួននៃតំបន់ទំនាបកណ្តាលនៃប្រទេស កម្ពុជា ដែលជាហេតុបង្ករឱ្យមានផលប៉ះពាល់ខ្លាំងទៅដល់ស្រូវដែលកំពុងនឹងត្រូវប្រមូលផលនាពេលខាងមុខ ហើយស្របពេលមានការផ្អាកចរាចរណ៍នៃរថយន្តធំៗសម្រាប់ដឹកទំនិញ រួមទាំងស្រូវផងដែរ។
សហព័ន្ធស្រូវអង្ករកម្ពុជា សូមអំពាវនាវដល់សាមាជិក សមាជិកាដែលមានរោងមាស៊ីនកិនស្រូវដែលនៅជិតទីតាំងស្រែ សូមជួយធ្វើការទិញស្រូវសើមពីប្រជាកសិករក្នុងតម្លៃសមរម្យឱ្យអស់លទ្ធភាពតាមដែលអាចធ្វើទៅបាន៕