ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ដូ វឹកហឹង (Do Quoc Hung)ជួបសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម។

លោក ដូ វឹកហឹង បានថ្លែងអំណរគុណចំពោះរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ពុជាបានផ្តល់បដិសណ្ឋារកិច្ច និងបានជម្រាបជូនអំពីលទ្ធផលនៃកិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលក្នុងនោះភាគីវៀតណាម បានឯកភាពផ្តល់ភាពអនុគ្រោះពន្ធអត្រា ០% (សូន្យភាគរយ) សម្រាប់ទំនិញកម្ពុជាចំនួន ៣២បន្ទាត់ពន្ធគយ រួមជាមួយកូតានាំចូលអង្ករចំនួន ៣០ម៉ឺនតោន និងសន្លឹកថ្នាំជក់ ៣,០០០តោន នៅក្នុងឆ្នាំ ២០១៩ និងឆ្នាំ២០២០ រីឯកម្ពុជាបានផ្តល់ភាពអនុគ្រោះពន្ធអត្រា ០% (សូន្យភាគរយ) ដូចគ្នា ដល់ទំនិញវៀតណាមចំនួន ២៦បន្ទាត់ពន្ធគយ។

លោកមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាមបានផ្តល់ជំនួយឥតសំណង សម្រាប់សាងសង់ផ្សារដានៅក្នុងខេត្តត្បូងឃ្មុំ និងបានជម្រាបជូនលោក ដូ វឹកហឹង អំពីកិច្ចសហប្រតិបត្តិការប្រពៃណី បានយ៉ាងល្អក្នុងនាមជាប្រទេសជិតខាង។

លោករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងចរចា របស់គណៈប្រតិភូមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរនាពេលកន្លងមក ជាពិសេសការសម្រេចបាននូវឯកសារ ស្តីពីកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មនៅតាមបន្ទាត់ព្រំដែន សម្រាប់ធ្វើការចុះហត្ថលេខា នៅក្នុងពេលឆាប់ៗខាងមុខនេះ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧ កន្លងទៅ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម សម្រេចបានគិតជាទឹកប្រាក់ ៣,៨បីលានដុល្លារ គឺបានកើនឡើង ២៩% ធៀបនឹងឆ្នាំ២០១៦។

ទន្ទឹមគ្នានេះដែរ តាមរយៈគម្រោងវិនិយោគចំនួន ២០៦គម្រោង ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ៣,២បីលានដុល្លារ បានធ្វើឱ្យវៀតណាម ក្លាយជាដៃគូវិនិយោគធំទី៥ របស់កម្ពុជា ខណៈក្រុមហ៊ុនរបស់កម្ពុជា បានវិនិយោគត្រឹមតែ ១៨គម្រោង នៅក្នុងប្រទេសវៀតណាម ដែលមានតម្លៃជាទឹកប្រាក់ ៥៨,១លានដុល្លារប៉ុណ្ណោះ៕