ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

វគ្គបណ្តុះបណ្តាលមជ្ឈត្តការពាណិជ្ជកម្ម រួមចំណែកលើកស្ទួយប្រពន្ធ័យុត្តិធម៌​ និងទាក់ទាញវិនិយោគិន

ភ្នំពេញ៖លោក ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលស្តីពីមជ្ឈត្តការពាណិជ្ជកម្ម ជាការរួមចំណែកលើកស្ទួយប្រពន្ធ័យុត្តិធម៌នៅកម្ពុជា តាមរយៈការផ្តល់នូវចំណេះដឹងថ្មីៗដល់សិក្ខាកាម ដើម្បីចូលរួមអនុវត្តន៍យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលអាចជួយសន្សំថវិកា និងពេលវេលាជូនវិស័យឯកជន និងទាក់ទាញទំនុកចិត្តកាន់តែខ្ពស់ពីវិនិយោគិនអន្តរជាតិ ជាពិសេសក្រុមហ៊ុនធំៗលំដាប់ពិភពលោក។

វគ្គបណ្តុះបណ្តាលស្តីពីមជ្ឈត្តការពាណិជ្ជកម្ម ដែលរៀបចំឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ មានសិក្ខាចូលរួមចំនួន ៧០នាក់ជាមន្ត្រីមកពីទីស្តីការក្រសួង និងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត។

លោកឱក ប៊ុង បានលើកឡើងអំពីសារៈសំខាន់ និងអត្ថប្រយោជន៍នៃប្រព័ន្ធមជ្ឈត្តការ សម្រាប់បម្រើការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងនីតិរដ្ឋ ព្រមទាំង​អភិបាលកិច្ចល្អ តាមរយៈការបន្តអនុវត្តកំណែទម្រង់ប្រព័ន្ធច្បាប់ និងតុលាការ សំដៅឆ្លើយតបតម្រូវការរបស់ធុរជនជាតិ និងវិនិយោគិនអន្តរជាតិ ដែលកំពុងប្រតិបត្តិការធុរកិច្ចនៅក្នុងប្រទេសកម្ពុជា ។

លោករដ្ឋលេខាធិការ ឪក ប៊ុន បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ជាវេទិកាចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ អំពីយន្តការដោះស្រាយវិវាទតាមរយៈច្បាប់មជ្ឈត្តការកម្ពុជា សម្រាប់យកទៅអនុវត្តន៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

«យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ វាបានជួយសម្រួលបន្ទុកចំណាយ និងជួយពន្លឿនពេលវេលាក្នុងការដោះស្រាយជម្លោះសម្រាប់ធុរជន ពេលមានវិវាទកើតឡើង ហើយវាមិនមែនជាការប្រកួតប្រជែងជាមួយយន្តការប្រព័ន្ធតុលាការទេ ប៉ុន្តែវាជាការបំពេញបន្ថែមឱ្យប្រព័ន្ធយុត្តិធម៌» ។

សូមរំលឹកដែរថា ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្ម ជាសេនាធិការ បានផ្ដួចផ្ដើមបង្កើតមជ្ឈមណ្ឌលជាតិ នៃមជ្ឈត្តការពារផ្នែកពាណិជ្ជកម្ម កាលពីឆ្នាំ២០១៣ ។

បច្ចុប្បន្ន មជ្ឈមណ្ឌលជាតិនេះ បានកំពុងផ្តល់សេវាផ្លូវច្បាប់ជូនធុរជន និងវិនិយោគិនគ្រប់ជាតិសាសន៍ ដោយប្រើប្រាស់មជ្ឈត្តករម្នាក់ ឬច្រើន ដើម្បីដោះស្រាយរាល់វិវាទអាជីវកម្មក្រៅប្រព័ន្ធតុលាការ ដែលមានរយៈពេលយូរ និងច្រើនដំណាក់កាលទៀត ៕