កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមពិធីចែកកូនមាន់ដល់កសិករជាសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមសត្វ នៃអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តជូនដល់កសិករ ចំនួន ១១៧គ្រួសារ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
កសិករចិញ្ចឹមមាន់ ៤៣គ្រួសារ កសិករចិញ្ចឹមពពែចំនួន ២៤គ្រួសារ កសិករចិញ្ចឹម គោបំប៉ន ចំនួន៤៥គ្រួសារ និងកសិករចិញ្ចឹមគោរយកកូនចំនួន ៥គ្រួសារ នៅភូមិកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់បងប្អូនកសិករ ដែលជាសមាជិកបណ្តុំចិញ្ចឹមសត្វ ទាំង១១៧គ្រួសារ ត្រូវបង្កើនចំណូលក្នុងគ្រួសារ ដែលជាផ្នែកមួយ ក្នុងការចូលរួមចំណែក លើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជា សេដ្ឋកិច្ចជាតិផងដែរ។
លោក មានប្រសាសន៍ថា ការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ គឺបានជួយផ្គត់ផ្គង់ដល់សេដ្ឋកិច្ចគ្រួសារ របស់បងប្អូនផ្ទាល់ ក៏ដូចជា ការបំពេញតម្រូវការនៅមូលដ្ឋាន និងទីផ្សារក្នុងស្រុកផងដែរ។ ក្រៅពីនោះ បងប្អូនត្រូវខិតខំបង្កបង្កើនផល បង្កើនមុខរបរបន្ថែម តាមរយៈ ការដាំដុះដំណាំរួមផ្សំ ដោយប្រើប្រាស់លក្ខណៈបច្ចេកទេសកសិកម្មថ្មី ដើម្បីទទួលបានផលទិន្នផលខ្ពស់ និងប្រកបដោយគុណភាព ដែលអាចចូលរួមប្រកួតប្រជែងក្នុងទីផ្សារកសិកម្ម ។
ឆ្លៀតឱកាសនោះដែរ លោកអភិបាលខេត្ត បានណែនាំដល់លោកអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុក លោកមេឃុំ ឲ្យបន្តការតាមដានស្ថានភាពអាកាសធាតុ និងផលប៉ះពាល់នានា ដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។
សូមបញ្ជាក់ថា នេះជាលើកទី២ ដែលថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចែកធាតុចូលកសិកម្ម ជូនដល់ប្រជាកសិករជាសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមសត្វ នៃអនុកម្មវិធី (ASPIRE) របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
អនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីនេះ អនុវត្តនៅក្នុងខេត្តកំពង់ចាម លើក្រុង/ស្រុកគោលដៅ ចំនួន ០៨ ស្មើនឹង ២៤ឃុំ-សង្កាត់ ដែលជាអាទិ៍មាន ៖
កម្មវិធីបានបង្កើតបណ្តុំអាជីវកម្ម ចំនួន ៤៤បណ្តុំអាជីវកម្ម ស្មើនឹង ១.២៦៩គ្រួសារ ក្នុងនោះ មានបណ្តុំអាជីវកម្មស្រូវ ចំនួន ០៤បណ្តុំ បន្លែ ០៩បណ្តុំ ដំឡូងមី ០២បណ្តុំ ចិញ្ចឹមមាន់ ០៧បណ្តុំ គោបំប៉ន ០៥បណ្តុំ និងបណ្តុំអាជីវកម្មគោយកកូន ចំនួន ០៤បណ្តុំ ផងដែរ៕