លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងលោក លន់ យ៉េង អគ្គលេខាធិការ ស.អ.ក បានចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការត្រៀមបង្កើតនូវ “សាខាកម្មវិធីស្រូវអង្ករប្រកបដោយនិរន្តរភាព (SPR) នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ថ្នាក់ជាតិ” ដែលមានលោកបណ្ឌិត ម៉ាក់ សឿន អគ្គនាយករង ទទួលបន្ទុករួមនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអ្នកដឹកនាំកិច្ចប្រជុំ។
គិតមកដល់ពេលនេះ ជំហាននៃការបង្កើតកម្មវិធីនេះ គឺបានឈានមកដល់ ការបង្កើតនូវក្រុមការងារថ្នាក់ជាតិ ដែលគ្រោងនឹងមានការចូលរួមពីភាគីពាក់ព័ន្ធនានា ក្នុងនោះ ចំពោះវិស័យឯកជន មានសហព័ន្ធស្រូវអង្ករកម្ពុជា ដែលអាចនឹងចូលរួមក្នុងការសហការទៅលើការផ្តល់ជាគោលគំនិត និងការងារផ្នែកសម្របសម្រួលពាណិជ្ជកម្ម ការធ្វើទីផ្សារ និងការផ្សព្វផ្សាយជាដើម។
ចំពោះកិច្ចប្រជុំត្រៀមបង្កើត កម្មវិធីស្រូវអង្ករប្រកបដោយនិរន្តរភាព (SRP) ថ្នាក់ជាតិនេះ គឺត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីពិនិត្យអំពីពិធីសារនៃការបង្កើតកម្មវិធីស្រូវអង្ករក្របដោយនិរន្តរភាព ចែករំលែកអំពីវឌ្ឍនភាពនៃការផ្តួតផ្តើមកម្មវិធីនេះ និងពិភាក្សាអំពីកិច្ចការបន្ទាប់ដែលត្រូវការបោះជំហានទៅមុខនៅក្នុងការងារស្នូលនេះ។
បន្ទាប់ពីឆ្លងកាត់ការពិភាក្សា ផ្លាស់ប្តូរយោបល់រួចមក អ្នកផ្តល់យោបល់ផ្នែកបច្ចេកទេស (Technical Advisor) បានទទួលយកដើម្បីទៅកែសម្រួល និងដើម្បីគ្រោងនឹងរៀបចំនូវការពិភាក្សាឆ្លងយោបល់ពីស្ថាប័នអភិវឌ្ឍ និងអង្គការដៃគូនានា នាពេលខាងមុខ ឈានទៅសម្រេចឱ្យបាននូវភាពគ្រប់ជ្រុងជ្រោយ និងប្រកបដោយប្រសិទ្ធភាពនៃកម្មវិធីស្រូវអង្ករប្រកបដោយនិរន្តរភាពថ្នាក់ជាតិនេះ។
គួរបញ្ជាក់ថា កម្មវិធីស្រូវប្រកបដោយនិរន្តរភាព (SRP) គឺជាកម្មវិធីមួយដែលមានការចូលរួម ពីភាគីពាក់ព័ន្ធជាច្រើន ហើយដែលត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ប្រសិទ្ធភាពធនធាន និងនិរន្តរភាព ក្នុងលំហូរពាណិជ្ជកម្ម ផលិតកម្ម និងប្រតិបត្តិការការប្រើប្រាស់ និងខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងវិស័យស្រូវអង្ករពិភពលោក។