ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 ​សត្វផ្សោតមួយក្បាល ស្លាប់នៅតាមបណ្តោយច្រាំងទន្លេ ក្នុងខេត្តត្បូងឃ្មុំ​

ត្បូងឃ្មុំ ៖  សត្វផ្សោតមួយក្បាលត្រូវបានពលរដ្ឋប្រទះឃើញស្លាប់ នៅតាមបណ្តោយច្រាំងទន្លេក្នុងឃុំព្រែកអាជី ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។

អង្គការ​មូលនិធិ​សកល​សម្រាប់​​អភិរក្ស​ធម្មជាតិ​ (WWF) បានឲ្យដឹងនៅថ្ងៃទី៨ ខែវិច្ឆិកាថា ប្រជាពលរដ្ឋក្នុងភូមិបានប្រទះឃើញសាកសពរបស់សត្វផ្សោតនេះ នៅតាមបណ្តោយច្រាំងទន្លេ ហើយបានរាយការណ៍ពីហេតុការណ៍នេះភ្លាមជូនអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។

ក្រោយពីទទួលបានរបាយការណ៍នៃឧបទ្ទវហេតុនេះ មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងបុគ្គលិកអង្គការ WWF បានចុះទៅពិនិត្យដល់ទីតាំងផ្ទាល់ ដែលទីនោះត្រូវបានកំលាំងនគរបាល និងអាជ្ញាធរមូលដ្ឋានការពារយ៉ាងត្រឹមត្រូវល្អ ដើម្បីធានាថាគ្មានការរំខានដល់សាកសពរបស់សត្វផ្សោតរហូតដល់មន្រ្តីជំនាញ និងអ្នកវិទ្យាសាស្រ្តអញ្ជើញទៅដល់។

តាមអង្គការ​ WWF ការវិភាគបឋមលើសាកសពសត្វផ្សោតបានបង្ហាញថា សត្វផ្សោតដែលស្លាប់នេះជាសត្វផ្សោតញីពេញវ័យមានអាយុប្រមាណជា ២៧ ឆ្នាំ និងមានប្រវែង ២,២ ម៉ែត្រ។ ក្រុមជំនាញមិនអាចបញ្ជាក់ពីទម្ងន់របស់វាបានទេ ហើយក៏មិនបានរកឃើញថាមានសញ្ញានៃការរងរបួសលើរាងកាយ ឬស្លាកស្នាមពីការជាប់នឹងមងនេសាទទេ ដោយហេតុថាសាកសពមានស្ថានភាពរលួយខ្លាំង។

ក្រុមជំនាញបានសន្និដ្ឋានថា សត្វផ្សោតមួយក្បាលនេះបានហែលចេញពីទីជម្រករបស់វានៅក្នុងខេត្តក្រចេះ វង្វេងរហូតដាច់សង្វែងពីហ្វូងរបស់វា ហើយថាសត្វផ្សោតមួយក្បាលនេះអាចស្លាប់ដោយធម្មជាតិ ពោលគឺដោយសារវាមានអាយុចាស់។

សូមបញ្ជាក់ថា សត្វផ្សោតមួយក្បាលនេះមានវត្តមាននៅក្នុងកំណត់ត្រានៃជំរឿនសត្វផ្សោតចាប់ពីឆ្នាំ ២០០៨ រហូតដល់ឆ្នាំ ២០២០។ អ្នកវិទ្យាសាស្ត្រក៏បានគូសបញ្ជាក់ផងដែរថា សត្វផ្សោតអ៊ីរ៉ាវ៉ាឌីអាចរស់នៅ រហូតដល់ចន្លោះអាយុពី ២៨ ទៅ ៣០ ឆ្នាំ នៅក្នុងទីជម្រកធម្មជាតិរបស់ពួកវា ៕