ភ្នំពេញ៖ ក្រសួងការបរទេស បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះឲ្យដឹងថា អ្នកការទូតកម្ពុជាចំនួនពីរនាក់ និងបុគ្គលិកក្នុងស្រុកចំនួនពីរនាក់ នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង មានផ្ទុកកូវីដ-១៩។
សេចក្តីប្រកាសបានបញ្ជាក់ថា ក្រោយពួកគាត់ទាំងបួន (០៤) នាក់ បានជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យបារំាងរួចមក ពេលនេះពួកគាត់កំពុងសម្រាកព្យាបាលនៅផ្ទះរៀងៗខ្លួន និងទទួលទានថ្នាំតាមវេជ្ជបញ្ជា។
ឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងប៉ារីស ក៏កំពុងរង់ចាំលទ្ធផលរបស់បុគ្គលិកក្នុងស្រុកម្នាក់ទៀត នៅថ្ងៃនេះ (ថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០)។ ស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងប៉ារីស៍ នឹងបន្តដំណើរការជាប្រក្រតីតាមប្រព័ន្ធព័ត៌មានវិទ្យា។
ស្ថានទូតនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរសុខាភិបាលបារំាង ដើម្បីតាមដានការវិវត្តនៃជំងឺរបស់អ្នកការទូតកម្ពុជា និងបុគ្គលិកក្នុងស្រុក ទាំងបួននាក់ខាងលើ ដោយយកចិត្តទុកដាក់បំផុត៕