ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេច​តេ​ជោ ហ៊ុន សែន បានសម្រេច​​រៀបចំ​ឲ្យ​មាន​ក្រុម​មេធាវី​ផ្ទាល់​របស់​សម្តេច ដើម្បី​ជួយ​ការពារក្តីដល់​ស្ត្រី​ក្រីក្រ

​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ដូច្នេះ ក្នុងពេល​សម្តេច ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ម៉ាត់​ធ្យូ អែន​តូ​នី ថា​យ៍​ល័​រ (Matthew Anthony Tayler) ប្រធាន​ក្រុមហ៊ុន​ច្បាប់ ដន ម៉ូ​រី​ស អិ​ល​អិ​ល​ភី (Duane Morris LLP) ដែលជា​ក្រុមហ៊ុន​ច្បាប់​អាមេរិក កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព​រាជធានី​ភ្នំពេញ​។​

​សូម​រម្លឹកថា ក្នុង​ពិធី​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ សម្រាប់​ឆ្នាំ​២០១៩ របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី នៅ​វិមាន​សន្តិភាព កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ សម្តេច​តេ​ជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថា «​ដើម្បី​ជួយ​ស្ត្រី​រងគ្រោះ​ទន់ខ្សោយ អោយ​កាន់​តែមាន​ប្រសិទ្ធភាព ខ្ញុំ​នឹង​ពិចារណា ក្នុងការ​បង្កើត “​ក្រុម​មេធាវី​ការពា​ក្តី​” ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ផ្ទាល់​របស់ខ្ញុំ ដើម្បី​ជួយ​ដល់​ជនរងគ្រោះ ដែលជា​ស្ត្រី​ក្រីក្រ​»​។​

​បន្ទាប់ពី​កិច្ចប្រជុំ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​សម្រេច​ផ្តល់​សេចក្តីទុកចិត្ត ចាត់តាំង​ឱ្យ​លោក​មេធាវី គី តិច រៀបចំ​បង្កើត «​ក្រុម​មេធាវី​សម្តេច​តេ​ជោ ហ៊ុន សែន​» ដើម្បី​ការពារ​ក្តី​ជូន​ស្ត្រី​ក្រីក្រ ដែល​ខ្វះ​លទ្ធភាព​រក​សេវា​មេធាវី​ជួយ​ការពារ​ក្តី​។​

​លោក​មេធាវី គី តិច ប្រធាន​ក្រុម​មេធាវី​វិជ្ជាជីវៈ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវបាន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់តាំង ឱ្យ​រៀបចំ​បង្កើត​ក្រុម​មេធាវី ដើម្បី​ការពារ​ក្តី ជូន​ស្ត្រី​ក្រីក្រ​នៅ​កម្ពុជា បាន​ឲ្យ​ដឹងថា ការរៀបចំ​ក្រុម​មេធាវី ដើម្បី​ដោះស្រាយ​នូវ​រាល់​រឿងក្តី​ទាំងឡាយ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ស្ត្រី​ក្រីក្រ នៅពេល​ខាងមុខនេះ គឺ​តាម​អនុសាសន៍​ណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​រៀបចំ​មេធាវី ដែល​ភាគច្រើន​ជា​ស្ត្រី​។​

​លោក​មេធាវី គី តិច បន្តថា ទីស្នាក់ការ​កណ្តាល​រប​ស់ «​ក្រុម​មេធាវី​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​» គឺ​ស្ថិតនៅក្នុង​ទីស្តីការគណៈរដ្ឋមន្ត្រី ហើយ​នឹងមាន​មេធាវី​តាម​បណ្តា​ខេត្ត​នានា និង​ថ្នាក់​តំបន់ ដើម្បី​ត្រៀម ជួយ​ដល់​ស្ត្រី​រងគ្រោះ​តាម​ខេត្ត ដែល​រងគ្រោះ ដោយ​អំពើ​រំលោភបំពាន​ណាមួយ​៕