សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ និងកែលម្អផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាបនៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ហើយផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប ១០៨.៧៤គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៤០លានដុល្លារអាមេរិក និងថវិកាជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ។
តាមរយៈគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះ នឹងធ្វើឲ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ ដ៏មានសក្តានុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរដល់ការពារ និងកែលម្អបរិស្ថាន ផាសុខភាពរបស់ប្រជាពលរដ្ឋ និងការរៀបចំអភិវឌ្ឍទីក្រុងឆ្លាតវៃ (Smart City) ផងដែរ។
ក្រោយពីបញ្ចប់ការសាងសង់ទៅ គម្រោងនេះនឹងដើរតួជាហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា តភ្ជាប់ទីប្រជុំជន ទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ជំរុញកំណើនដឹកជញ្ជូន ទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩។
សម្តេចតេជោបានសម្តែងនូវក្តីរីករាយដែលបានអញ្ជើញមុខសម្ពោធបើកការដ្ឋាន និងកែលម្អផ្លូវចំនួន៣៨ខ្សែនៅពេលនេះ។ សម្តេចតេជោបានមានប្រសាសន៍ថា តាមគម្រោងកម្មវិធីបើការដ្ឋាននេះ នឹងត្រូវមានការចូលរួមមនុស្សជាង១ពាន់នាក់ តែដោយសារតែបញ្ហាការរីករាលដាលនៃជំងឺកូវី១៩ យើងត្រូវកាត់បន្ថយមនុស្សចូលរួមមកត្រឹម១០០នាក់តែប៉ុណ្ណោះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នេះគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ជាពិសេសផ្ដោតសំខាន់ទៅលើប៉ូលសេដ្ឋកិច្ចសំខាន់បីរបស់ប្រទេសកម្ពុជា គឺក្រុងសៀមរាបអង្គរ ដែលជាដែនដីទេសចរណ៍ដ៏មានមានសក្តានុពលរបស់កម្ពុជា។ សម្តេចតេជោបន្តថា កម្ពុជាមានប៉ូលសេដ្ឋកិច្ច៣សំខាន់ សម្រាប់ជំរុញសេដ្ឋកិច្ចជាតិ ដែលទី១ គឺប៉ូលសេដ្ឋកិច្ចទីក្រុងភ្នំពេញ ទី២គឺប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ និងទី៣ គឺប៉ូលសេដ្ឋកិច្ច នៃខេត្តសៀមរាបនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នេះជាសមិទ្ធផលថ្មីមួយទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបដែលនៅឆ្នាំក្រោយនេះ និងបានឃើញផ្លូវស្អាត ជាពិសេសខេត្តសៀមរាបនេះនឹងត្រូវរៀបចំអង្គរសង្ក្រាន្តឡើងវិញបន្ទាប់ពីបញ្ហាកូវីដត្រូវបានបញ្ចប់នោះ។
ទាក់ទងទៅនឹងបញ្ហានៃជំងឺកូវីដ-១៩ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានហៅព្រឹត្តិការណ៍នៃការចម្លងមកភរិយាអគ្គនាយកពន្ធនាគារនេះ ថាជា “ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា” ។ សម្តេចតេជោបានអំពាវនាវអោយប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់ត្រូវសាមគ្គីភាពគ្នា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវី-១៩ទាំងអស់គ្នា ហើយពេលនេះគឺជាពេលដែលមិនមែនជាពេលដែលត្រូវចោតដាក់គ្នាទៅវិញទៅមកនោះទេ គឺមានតែការចូលរួមទប់ស្កាត់បង្ការការពារទាំងអស់គ្នាទេ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កន្លងទៅនេះ កម្ពុជាយើងបានឆ្លងកាត់សមរភូមិ៣ក្នុងការទប់ស្កាត់នៃជំងឺកូវី-១៩នេះ ដែលសមរភូមិទី១ គឺការទប់ស្កាត់ការនាំចូលជំងឺពីក្រៅ សមរភូមិទី២ គឺការបង្ការការពារការចូលសហគមន៍ និងសមរភូមិទី៣ គឺការព្យាបាលអ្នកដែលកើតអោយជាសះស្បើយ ដូច្នេះយើងត្រូវអនុវត្តតាមសមរភូមិនេះជាបន្តបន្ទាប់ទៀត។
ទាក់ទងទៅនឹងការចូលរួមទប់ស្កាត់បង្ការការពារការចម្លងជំងឺកូវីដ-១៩នេះ សម្តេចតេជោបានដាក់ចេញនូវចំនុចសំខាន់ៗមួយចំនួនដូចជា÷
១)ត្រូវមានវិធានការការពារខ្លួនជានិច្ច ដោយត្រូវគិតថា ខ្លួនឯងមានកូវីដ-១៩ ប្រសើរជាងគិតថាគ្មាន សុខចិត្តធ្វើតេស្ត ឬធ្វើចត្ថាឡីស័ក១៤ថ្ងៃ ប្រសើរជាងមិនបានធ្វើ។
២)ត្រូវរៀបចំមជ្ឈមណ្ឌលចត្តាឡីស័កសំរាប់អ្នកដែលគ្មានលទ្ធភាពទៅរកចត្តាឡីស័កនៅតាមផ្ទះ ហើយទីកន្លែងដែលត្រូវធ្វើចត្តាឡីស័កនោះគឺជាទីកន្លែងដែលផ្ដល់ឱកាសឲ្យក្រុមគ្រូពេទ្យទៅយកសំណាក ដើម្បីយកសំណាកនោះមកធ្វើតេស្តអោយបានត្រឹមត្រូវ។
៣)សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចអោយក្រសួងអប់រំ យុវជន និងកីឡា បិទការសិក្សាសម្រាប់ឆ្នាំសិក្សា២០១៩ -២០២០ ហើយប្រលងមធ្យមសិក្សាបឋមភូមិតែម្ដង នៅថ្ងៃនេះ ហើយសម្រាប់អ្នកដែលបន្តគឺមានសិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រលងក្នុងអំឡុងខែធ្នូខាងមុខ ហើយយើងនឹងត្រៀមបើកបវេសនកាលឡើងវិញ នៅខែមករា ឆ្នាំ២០២១។
៤) សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវអោយប្រជាពលរដ្ឋចូលរួមដោយស្ម័គ្រចិត្តក្នុងការមកធ្វើតេស្ត និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។ អាជ្ញាធរត្រូវជួយផ្គត់ផ្គង់ចំណីអាហារដល់បងប្អូនដែលត្រូវធ្វើចត្តាឡីស័កអោយបានត្រឹមត្រូវ។ បើបងប្អូនមានការសង្ស័យ សូមទៅមន្ទីរពេទ្យជាបន្ទាន់ ហើយត្រូវដាក់ខ្លួនឲ្យនៅដាច់ជាមួយនឹងគ្រួសារ១៤ថ្ងៃសិន។
ជាមួយគ្នានោះ សម្តេចតេជោបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋណាដែលគិតថាខ្លួនបានប៉ះពាល់ ឬពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ សូមមកធ្វើតេស្ត និងធ្វើចត្តាឡីស័កជាបន្ទាន់ ដើម្បីចៀសវាងការចម្លងចូលសហគមន៍។
ជាមួយគ្នានោះ ដើម្បីការពារជំងឺកូវីដ-១៩នោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានជំរុញអោយប្រជាពលរដ្ឋ យើងត្រូវតាំងខ្លួនជាអ្នកចុះចាញ់ និងជាអ្នកខ្លាចកូវីដ តែមិនត្រូវភ័យតក់ស្លុតទេ ដោយភ្លេចការបង្ការការពារនោះទេ គឺយើងត្រូវការពារជាប់ជានិច្ច ជាពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
មុននឹងបញ្ចប់ សម្ដេចតេជោហ៊ុន សែន ក៏បានអញ្ជើញប្រកាសបើកការដ្ឋានសាងសង់ផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាបនេះចាប់ពីពេលនេះតទៅ៕