ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេច​តេ​ជោ ហ៊ុន សែន បង្ហោះ​សារ​រំលឹក​ខួប ៤២ឆ្នាំ នៃ​ថ្ងៃកំណើត​ចលនា​រំដោះជាតិ 

ភ្នំពេញ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី០២ ខែធ្នូ​ ឆ្នាំ២០២០ បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការរបស់សម្តេច បានបញ្ជាក់​ថា ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ គឺជា​ខួប ៤២ឆ្នាំ នៃ​ថ្ងៃកំណើត​ចលនា​រំដោះជាតិ និង​ជីវិត​ប្រជាពលរដ្ឋ​កម្ពុជា​ចេញពី​របប​ប្រល័យពូជសាសន៍។

រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បាន​ចាប់បដិសន្ធិ​ឡើង​នៅ​ថ្ងៃទី០២ ខែធ្នូ ឆ្នាំ ១៩៧៨ និង​បានប្រកាស​ចេញ​សេចក្តីថ្លែងការណ៍ ១១ខ របស់ខ្លួន​នៅ​តំបន់​រំដោះ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ។
រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ត្រូវបាន​កើតឡើង​ដោយ​កម្លាំង​មហា​សាមគ្គី​ប្រជាជន​ទាំងមូល ទាំង​ក្នុង និង​ក្រៅប្រទេស ដែលមាន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម សម្តេច​អ​គ្គមហាប​តី​តេ​ជោ ហ៊ុន សែន និង​វីរជន​ស្នេហា​ជាតិ​ជា​ច្រើ​រូប​ទៀត ក្នុង​ការរៀបចំ​កម្លាំង​ផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​ទទួលបាន​ជ័យជំនះ​លើ​របប​នេះ នៅ​ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ។
រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បច្ចុប្បន្ន​ត្រូវបាន​ដូរ​ឈ្មោះ​ជា «រណសិរ្ស សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា» ដែលជា​អង្គការ​ចាត់តាំង​មហាជន​មួយ​ឈានមុខ​របស់​គណបក្ស​ប្រជាជន កម្ពុជា បាន​បដិសន្ធិ​ឡើង​នៅក្នុង​តំបន់​រំដោះ នា​ភូមិ​ជើង​ឃ្លូ ឃុំ២ធ្នូ ស្រុក​ស្នួល ខេត្ដ​ក្រចេះ។
ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់រ​ណ​សិរ្ស ប្រជាជន​គ្រប់ទិសទី​បាន​ក្រោកឈរ​រួបរួមគ្នា​ជា​កម្លាំង​មហា​សាមគ្គី​ជាតិ ដោយបាន​ទទួល​ការជួយឧបត្ថម្ភ​យ៉ាង​ធំធេង​ពី​កងទ័ព​ស្ម័គ្រចិត្ដ​វៀតណាម និង​ការគាំទ្រ​ពី​មិ​ត្ដ​ភក្ដិ​ជិត​ឆ្ងាយ​លើ​សកលលោក ដើម្បី​ផ្ដួលរំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ រហូតដល់​ទទួលបាន​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​នា​ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ។ មហា​ជ័យជម្នះ ៧មករា ១៩៧៩ បា​នប​ពា្ច​ប់​នូវ​សម័យកាល​ដ៏​ខ្មៅ​ងងឹត​បំផុត ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា បាន​បើក​ឡើង​នូវ​សករាជ​ថ្មី ប្រជាជន​កម្ពុជា​យើង​ក៏បាន​ទទួល​មកវិញ​នូវ​សិទ្ធិសេរីភាព និង​ឱកាស​ដើម្បី​ស្ដារ កសាង​មាតុភូមិ​របស់ខ្លួន​ឡើងវិញ។
ប្រជាជន​គ្រប់រូប​សុទ្ធតែ​យល់ច្បាស់​ថា បើ​គ្មាន​ថ្ងៃកំណើត​រណសិរ្ស ២ធ្នូ និង​ជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូច​ថ្ងៃ​នេះដែរ «នេះ​គឺជា​សច្ចធម៌ នៃ​ប្រ​វ​ត្ដិ​សាស្ដ្រ» ៕