ភ្នំពេញ៖ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ក្រសួងបាននិងកំពុងគិតគូរលើការដាក់បញ្ជូលសម្បត្តិវប្បធម៌ទាំងរូបី និងអរូបី ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដើម្បីទុកជាសម្បត្តិ និងអត្តសញ្ញាណរបស់ជាតិ។ ក្រសួងកំពុងត្រៀមនូវអ្វីដែលជាតំណាងខ្មែរដូចជា យីកេ ឬគ្រឿងចម្លាក់ប្រាក់ជាដើម។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ពិធីបើកមហោស្រពសិល្បៈយុវជន ទូទាំងប្រទេស លើកទី៥ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលសន្និសីទចតុមុខ ។
លោកជំទាវ ភឿង សកុណា បានមានប្រសាសន៍ថា៖ “យើងបានដាក់ឯកសារល្បុកតោរួចហើយ និងរងចាំការសម្រេចនៅឆ្នាំ២០២០។ ឥឡូវក្រសួងកំពុងត្រៀមរៀបចំឯកសារស្តីពីតម្បាញសូត្រខ្មែរ ប៉ុន្តែយើងត្រូវគិតថា វាអាចមានរូបភាពច្រើនណាស់អរូបី មានតាំងពីភ្លេង មានតាំងពីម្ហូបអាហារក៏អាចទៅជាបេតិកភណ្ឌអរូបីរបស់ជាតិបានដែរ។ ចឹងក្រសួងកំពុងគិតថា នឹងដាក់អ្វីទៀតដើម្បីតំណាងខ្មែរយើង មានតាំងពីយីកេ គ្រឿងចម្លាក់ប្រាក់ ក៏មាននៅក្នុងបញ្ជីរបស់យើងដែរ ”។
គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០១៨កន្លងទៅ កម្ពុជាបានចុះបញ្ជីសម្បត្ដិវប្បធម៌ទាំងរូបី និងអរូបី ទៅក្នុងបញ្ជីសម្បត្ដិបេតិកភណ្ឌពិភពលោកបានចំនួន៨ មាន ប្រាសាទអង្គរវត្ដ, របាំព្រះរាជទ្រព្យ, ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ, ប្រាសាទព្រះវិហារ, ល្បែងទាញព្រ័ត្រ, ចាប៉ីដងវែង, ប្រាសាទសំបូរព្រៃគុក និងល្ខោនខោលជាដើម៕