ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលនៃយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ។
នេះយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសបានបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមផងដែរ ក្នុងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១០ និងកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាម ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ (CLV DTV) លើកទី១១ ដែលនឹងរៀបចំឡើងស្របពេលជាមួយកិច្ចប្រជុំកំពូល ACMECS លើកទី៩។ កិច្ចប្រជុំកំពូលទាំងពីរនេះ នឹងត្រូវដឹកនាំដោយឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
សេចក្តីប្រកាស លើកឡើងថា ក្រោមមូលបទ «ភាពជាដៃគូដើម្បីការតភ្ជាប់ និងភាពរឹងមាំ» កិច្ចប្រជុំកំពូល ACMECS លើកទី៩ នឹងពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការកន្លងមក និងនាពេលអនាគត ជាពិសេសលើវិធី និងមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ACMECS លើគ្រប់វិស័យ ដែលនឹងដើរតួនាទីជាក្របខ័ណ្ឌសាមគ្គីភាពដ៏សំខាន់ សម្រាប់ថែរក្សាសន្តិភាព និងស្ថេរភាពក្នុងតំបន់ និងជំរុញការអភិវឌ្ឍរួមគ្នា ក្រោយវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩។
នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនេះ នឹងមានពិធីផ្ទេរតំណែងប្រធានកិច្ចប្រជុំកំពូល ACMECS ពីប្រទេសកម្ពុជា ដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ក្រសួងការបរទេស ប្រកាសថា កិច្ចប្រជុំកំពូល CLMV លើកទី១០ នឹងធ្វើឡើងក្រោមមូលបទ «ការលើកកម្ពស់ការតភ្ជាប់ប្រកបដោយប្រសិទ្ធភាព សម្រាប់សមាហរណកម្មតំបន់» នឹងពិនិត្យមើលឡើងវិញនូវសមិទ្ធផលនានា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ និងកំណត់ទិសដៅ នាពេលអនាគតនៃកិច្ចសហប្រតិបត្តិការ CLMV ដោយពិចារណាទៅលើវិបត្តិសុខភាពពិភពលោក ដែលបង្កឡើងដោយជំងឺរាតត្បាតសកលកូវីដ-១៩ និងផែនការស្តារប្រទេសខ្លួនឡើងវិញ ក្រោយវិបត្តិនៃជំងឺនេះ។ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នឹងធ្វើជាប្រធានកិច្ចប្រជុំកំពូលនេះ នៅពេលបន្ទាប់។
ក្រសួងការបរទេស បញ្ជាក់ថា កិច្ចប្រជុំកំពូល CLV DTV លើកទី១១ នឹងពិនិត្យឡើងវិញពីវឌ្ឍនភាព ដែលសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ព្រមទាំងពិភាក្សាអំពីទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងសង្គម រវាងប្រទេសកម្ពុជា-ឡាវ-វៀតណាម ជាពិសេស លើការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន វប្បធម៌ ការអភិវឌ្ឍធនធានមនុស្ស សុខាភិបាល និងឧក្រិដ្ឋកម្មឆ្លងដែន៕