ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចក្រឡាហោម ស ខេង និងក្រុមគ្រួសារ​រួមទាំង​អ្នក​ពាក់ព័ន្ធមួយចំនួនទៀតទទួលបានលទ្ធផលអវិជ្ជមានជំងឺកូវីដ-១៩ទាំងអស់ សម្រាប់ការធ្វើតេស្តលើកទី៣

សារទាំងស្រុងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ!!«បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់រាប់អានដ៏ជ្រាលជ្រៅ!​ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ថាខ្ញុំ ភរិយា ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតនៅផ្ទះរបស់ខ្ញុំ ចំនួន២០១សំណាក ត្រូវបានក្រសួងសុខាភិបាលផ្ដល់ការបញ្ជាក់មកថាទទួលបានលទ្ធផលអវិជ្ជមានជំងឺកូវីដ-១៩ទាំងអស់ សម្រាប់ការធ្វើតេស្តលើកទី៣ ដែលជាលើកចុងក្រោយ»។​

សម្តេចបន្តទៀតថា តបនឹងដំណឹងដ៏ល្អនេះ ក្នុងនាមភរិយា ក្រុមគ្រួសារ អ្នកពាក់ព័ន្ធទាំងអស់ និងក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ខ្ញុំសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យ ដែលខិតខំយកចិត្តទុកដាក់បំពេញការងារយកសំណាក និងតាមដានសុខភាពរបស់យើងខ្ញុំទាំងអស់គ្នា តាំងពីដំណាក់កាលដំបូងរហូតដល់បញ្ចប់ការធ្វើតេស្ត និងធ្វើចត្តាឡីស័ក។​
ខ្ញុំក៏សូមអរគុណ និងកោតសរសើរខ្ពស់ចំពោះស្មារតីសហការខ្ពស់របស់បងប្អូនជនរួមជាតិទាំងមូល ក្នុងនោះរាប់ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការសុីវិល នគរបាលជាតិ មន្ត្រីពន្ធនាគារ​ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាទាំងអស់ ដែលបានស្ម័គ្រចិត្តធ្វើតេស្ត និងធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល។​
ជាមួយគ្នានេះដែរ ខ្ញុំសូមថ្លែងអំណរគុណចំពោះជនរួមជាតិទាំងអស់ ដែលបានផ្ញើសារជូនពរ និងមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខភាពរបស់ខ្ញុំ និងភរិយា ក្រុមគ្រួសារ ព្រមទាំងអ្នកពាក់ព័ន្ធនៅក្នុងអំឡុងពេលធ្វើចត្តាឡីស័កកន្លងមកនេះ។
ខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិទាំងអស់ សូមមេត្តាបន្តអនុវត្តវិធានការប្រឆាំងមេរោគកូវីដ១៩របស់ក្រសួងសុខា​ភិបាលឱ្យបានខ្ជាប់ខ្ជួន ដូចជាការធ្វើតេស្តក្នុងករណីសង្ស័យ, ការដាក់ខ្លួននៅដាច់ដោយឡែក, ការពាក់ម៉ាស់ ឬប្រើក្រម៉ាពេលក្អក ឬកណ្ដាស់, លាងដៃ បាញ់អាកុលសម្លាប់មេរោគ, ការរក្សាគម្លាតសុវត្ថិភាព និងកាត់បន្ថយការប្រមូលផ្ដុំ​ ដោយសារព្រឹត្តិកាណ៍សហគមន៍២៨វិច្ឆិកាមិនទាន់បានបញ្ចប់នៅឡេីយ។
ខ្ញុំសូមជូនពរជនរួមជាតិទាំងអស់ ជួបតែសេចក្ដីសុខគ្រប់ប្រការ និងចៀសផុតពីជំងឺកូវីដ១៩​៕