ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាប្រគល់និងទទួលបរិក្ខារបៃតងកាត់បន្ថយការបញ្ចេញកាបូនជូនចំពោះក្រសួងបរិស្ថាន

ភ្នំពេញ៖ លោក​​ Wang Wentian ឯក​អគ្គ​​រដ្ឋទូតចិនប្រចាំកម្ពុជា និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ បានអញ្ជើញជាអធិបតី​ក្នុងពិធីប្រគល់និង​ទទួលបរិក្ខារបៃតងកាត់បន្ថយការបញ្ចេញកាបូន(Green low-carbon equipment) ដែលជាជំនួយ​របស់ក្រសួងអេកូឡូស៊ី​និងបរិស្ថាននៃ​ប្រទេស​​ចិន​ជូន​ចំពោះក្រសួងបរិស្ថាននៃប្រទេសកម្ពុជា។

លោក​​ឯកអគ្គរដ្ឋទូតចិនបានមានប្រសាសន៍ថា ភាគីចិនតែងយកចិត្ត​ទុក​ដាក់​និង​គាំទ្រ​ជាមួយកិច្ចការពារបរិស្ថានក្នុងប្រទេសកម្ពុជា ហើយ​អនុស្សរណៈ​យោគយល់នៃកិច្ចសហប្រតិបត្តិការដែលត្រូវបាន​ចុះហត្ថ​លេខា​រួមគ្នាដោយក្រសួងបរិស្ថាននៃប្រទេសទាំងពីរបានរួមចំណែក​ក្នុងការចង្អុលបង្ហាញយ៉ាងរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនេះ។

អំពូលសូឡាបំភ្លឺផ្លូវ ប្រព័ន្ធផលិតថាមពលអគ្គិសនី ម៉ូតូអាគុយ និងសម្ភារបច្ចេកវិទ្យាជឿនលឿននិងសន្សំសំចៃថាមពលផ្សេងទៀត ដែលជាអំណោយរបស់ភាគីចិនលើកនេះ ជឿជាក់ថានឹងអាចរួម​ចំណែក​ដល់កិច្ចការពារបរិស្ថានក្នុងប្រទេសកម្ពុជា និងក្លាយជា​ចំណុច​ចាប់ផ្តើមថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការការពារបរិស្ថាននៃប្រទេសទាំងពីរ។

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា ប្រទេសចិនខិតខំពុះពារជាមួយផល​ប៉ះ​ពាល់​នៃ​ជំងឺវីរុសកូវីដ-១៩ នៅតែបន្តផ្តល់ជំនួយជាបរិក្ខារកាត់បន្ថយ​ការ​បញ្ចេញកាបូននេះដល់ភាគីកម្ពុជាដូចក្នុងកិច្ចព្រមព្រៀង ភាគីកម្ពុជា​សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត។
ភាគីកម្ពុជានឹងប្រើប្រាស់សម្ភារបរិក្ខារទាំងនេះដែលផ្តល់ដោយភាគីចិនឱ្យបានពេញលេញល្អ ដើម្បីចូលរួមកែលម្អលក្ខខណ្ឌផលិតកម្ម​និងជីវ​ភាពរស់នៅក្នុងខេត្តព្រះសីហនុក៏ដូចជាកន្លែងផ្សេងទៀតជាដើម ខិតខំ​លើកកម្ពស់ការយល់ដឹងស្តីអំពីបរិស្ថានជូនដល់ប្រជាជនកម្ពុជា។
ភាគីកម្ពុជានឹងសហការជាមួយភាគីចិនក្នុងការជំរុញកិច្ចសហប្រតិបត្តិការការពារបរិស្ថាននៃប្រទេសទាំងពីរដើម្បីទទួលបានការអភិវឌ្ឍថ្មីកាន់តែច្រើនឥតឈប់ឈរ។
អំណោយដែលផ្តល់ជូនលើកនេះរួមមាន អំពូលសូឡាបំភ្លឺផ្លូវ​ចំនួន​២៨០០ដើម សូឡាPVចំនួន២០០គ្រឿង និងម៉ូតូអាគុយចំនួន២០០គ្រឿង និង​​សម្ភារៈទាំងនេះជាផ្នែកមួយនៃគម្រោងកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាក្នុងកិច្ចកាត់បន្ថយការបញ្ចេញកាបូន៕