ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្រ្តីសាខា ក.ប.ប.ខេត្តកំពង់ចាម រកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់មួយចំនួននៅផ្សារបឹងកុកស្ថិតក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម

(ខេត្តកំពង់ចាម)៖ មន្រ្តីសាខា ក.ប.ប. ខេត្តកំពង់ចាម ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានចុះត្រួតពិនិត្យផលិតផលទំនិញ និងម្ហូបអាហារ នៅផ្សារបឹងកុក ស្ថិតក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន រួមមាន៖ គុយទាវ លត គុយទាវកាត់ ពពុះសណ្តែក ទឹកខ្មេះ និងខ្ញីហាន់ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ ទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ មួយចំនួន ដូចជា៖ពពុះសណ្តែក មានសារធាតុគីមី បូរ៉ាក់ ចំនួន ២គីឡូក្រាម គុយទាវកាត់ មានសារធាតុគីមី បូរ៉ាក់ ចំនួន ២គីឡូក្រាម។
បន្ទាប់មក មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕