ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តំណក់ទី១​ នៃប្រេងកាតកម្ពុជា​​ចាប់ផ្តើមស្រក់​ នៅថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០២០ ​គឺជាពរជ័យសម្រាប់កម្ពុជា

(ភ្នំពេញ)៖​ ប្រមុខដឹកនាំកម្ពុជា​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ​ បានប្រកាសប្រាប់ជនរួមជាតិថា​​ អណ្តូងប្រេងកាតរបស់កម្ពុជា ស្ថិតនៅក្នុងដែនសមុទ្រនាខេត្តព្រះសីហនុ​ ចាប់ផលិតប្រេងបានដោយជោគជ័យ​ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
សម្តេចតេជោ ហ៊ុន​ សែន បានផ្ញើសារជូនជនរួមជាតិ នៅលើទំព័តហ្វេសប៊ុកផ្លូវការរបស់សម្តេចថា​​ ដំណើរការផលិតប្រេងកាតនេះ គឺអនុវត្តដោយក្រុមហ៊ុនសិង្ហបុរីឈ្មោះ​​Kris Energy គឺស្ថិតនៅក្នុងប្លុក​ A​​ ក្នុងឈូងសមុទ្រកម្ពុជា​​ ហើយសម្តេចបានចាត់ទុកថា​ ការចាប់ផ្តើមផលិតកម្មប្រេងនេះ គឺជាពរជ័យសម្រាប់កម្ពុជា។
សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ បងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្រឡាញ់ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែងក្នុងការជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់អំពីការចាប់ផ្តើមផលិតកម្មប្រេងដំបូងរបស់កម្ពុជា នៅតំបន់ប្លុក A ឈូងសមុទ្រកម្ពុជា ដែលជាការទន្ទឹងរងចាំអស់រយៈកាលដ៏យូរកន្លងមកនេះ។ ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន Kris Energy ដែលជាប្រតិបត្តិករនៃគម្រោងនេះ មកដល់ពេលនេះយើងបានសម្រេចបាននូវការបញ្ចប់ដោយជោគជ័យជាស្ថាពរនូវការសាងសង់ ការបំពាក់គ្រឿងសម្ភារៈ និងបរិក្ខានៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាសម្រាប់ដំណើរការផលិតកម្មធនធានរ៉ែប្រេងរបស់យើង។
តំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)។ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ បង្កលក្ខណៈសម្បត្តិគ្រប់យ៉ាងឱ្យយើងមានតំណក់ប្រេងលើកដំបូងនៅកម្ពុជានាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ។
ខ្ញុំសូមឆ្លៀតឱកាសនេះ រំលឹកជម្រាបជូនបងប្អូនជនរួមជាតិជ្រាបថា៖ កិច្ចព្រមព្រៀងប្រេងកាតដំបូងត្រូវបានចុះនៅឆ្នាំ២០០២ ជាមួយសម្ព័ន្ធក្រុមហ៊ុន មានក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LG Caltex Oil Corporation, Mocco Cambodia Co., Ltd. និង KrisEnergy) ។ សម្ព័ន្ធក្រុមហ៊ុននេះដឹកនាំដោយក្រុមហ៊ុន Chevron របស់អាមេរិក។ នៅឆ្នាំ២០១០ ក្រុមហ៊ុន Chevron បានប្រកាសរកឃើញជម្រករ៉ែប្រេងមានលក្ខណៈពាណិជ្ជកម្ម​ ជាលើកដំបូងរបស់កម្ពុជា និងបានកសាងគម្រោងផែនការអភិវឌ្ឍ និងអាជីវកម្ម ដើម្បីស្នើសុំរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។ តាមផែនការនោះ ផលិតកម្មប្រេងដំបូងគ្រោងនឹងចាប់ផ្តើមនៅអំឡុងខែធ្នូ ឆ្នាំ២០១២។ ប៉ុន្តែដោយការពិនិត្យលក្ខណៈបែងចែកផលសេដ្ឋកិច្ច និងសង្គតភាពច្បាប់ពាក់ព័ន្ធ និងផែនការអភិវឌ្ឍ និងអាជីវកម្មស្នើឡើងដោយក្រុមហ៊ុន Chevron នៅពេលនោះ បានតម្រូវឲ្យភាគីទាំងពីរត្រូវចរចារកែសម្រួលលក្ខខណ្ឌកិច្ចព្រមព្រៀងមួយចំនួនឡើងវិញ ដើម្បីឲ្យមានសង្គតភាពជាមួយបទប្បញ្ញត្តិច្បាប់កម្ពុជាផង និងមានសមធម៌កាន់តែប្រសើរនៅក្នុងការបែងចែកផលសេដ្ឋកិច្ចពីផែនការអាជីវកម្មនេះផង ដំណើរការអនុវត្តតាមផែនការផលិតប្រេងនៅខែធ្នូ ឆ្នាំ២០១២​ ក៏ត្រូវបានរាំងស្ទះមិនអាចអនុវត្តបាន។
ការចរចារកិច្ចព្រមព្រៀងប្រេងកាតក៏ត្រូវបានប្រព្រឹត្តិទៅយ៉ាងស្វិតស្វាញរវាងភាគីទាំងពីរ (រាជរដ្ឋាភិបាលនិងក្រុមហ៊ុន) ទាំងលើទិដ្ឋភាពច្បាប់ បច្ចេកទេស និងសេដ្ឋកិច្ច។ នៅក្នុងរយៈពេលចរចារដ៏តឹងតែងនេះ ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LGCaltex Oil Corporation និងក្រុមហ៊ុន Mocco Cambodia Co., Ltd. បានស្នើសុំដកខ្លួនចេញបន្តបន្ទាប់គ្នា នៅឆ្នាំ២០១៤ និង២០១៦។ ការចរចារត្រូវបានបន្តអូសបន្លាយពេលយ៉ាងយូរតាំងពីឆ្នាំ២០១០ រហូតដល់ថ្ងៃទី២៣ ខែសីហា​ ឆ្នាំ២០១៧ ទើបសម្រេចបាននូវកិច្ចព្រមព្រៀងថ្មី និងគម្រោងផែនការអភិវឌ្ឍ​ និងអាជីវកម្មអណ្តូងប្រេងថ្មីដែលបើកផ្លូវឲ្យដំណើរការសាងសង់ និងអភិវឌ្ឍផ្លាតហ្វមអណ្តូងប្រេងអាចចាប់ផ្តើមបាន។
ហេដ្ឋារចនាសម្ព័ន្ធផលិតកម្មប្រេងធំៗ និងសំខាន់ៗ ដែលបានសាងសង់ ដំឡើង និងរៀបចំរួចរាល់ជាស្ថាពរនៅក្នុងតំបន់ប្លុក A សម្រាប់ដំណើរការផលិតកម្មជារួមមាន៖
• ផ្លាតហ្វមអណ្តូងប្រេង ផលិតនៅកោះបាតាងនៃប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមសាងសង់នៅអំឡុងខែធ្នូ ឆ្នាំ២០១៩ និងបានបញ្ចប់នៅខែសីហា ឆ្នាំ២០២០។ ផ្លាតហ្វមនេះ បានដឹកចូលមកដល់តំបន់ប្លុក A និងបានបញ្ចប់ការដំឡើងរួចរាល់ជាស្ថាពរនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។
• កប៉ាល់ផលិតកម្មប្រេងបានដំឡើង ជួសជុល និងបំពាក់សម្ភារៈ បរិក្ខារួចរាល់នៅខែ ខែកញ្ញា ឆ្នាំ២០២០ នៅប្រទេសសឹង្ហបុរី និងបានដឹកមកដល់ និងដំឡើងរួចរាល់នៅប្លុក A នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។ កប៉ាល់ស្តុកប្រេង បានរៀបចំ និងត្រៀមចាំរួចរាល់នៅប្លុក A នៅថ្ងៃទី៩ ខែវិច្ឆិកា​ ឆ្នាំ២០២០។
អណ្តូងប្រេងទីមួយ បានបញ្ចប់ការសាងសង់នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ និងចាប់ផ្តើមផលិតចេញប្រេងដំបូង នៅថ្ងៃទី២៩ ខែធ្នូ​ ឆ្នាំ២០២០នេះ។ ក្រៅពីនេះ មានអណ្តូងប្រេងចំនួនពីរទៀត ក៏បានខួងជម្រៅដល់ស្រទាប់ជម្រករ៉ែប្រេងរួចហើយដែរ។
ការចាប់ផ្តើមផលិតកម្មប្រេងនេះ គឺជាពរជ័យសម្រាប់កម្ពុជា។ នេះជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជាឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិនិងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា។ ផលប្រយោជន៍សំខាន់ៗ រួមមាន៖
ចំណូលថវិកាជាតិ ផលសេដ្ឋកិច្ចទទួលបានពីការបង្កើតបាននូវពិពិធកម្មខឿនឧស្សាហកម្មក្នុងវិស័យប្រេងកាត និងការកសាងសមត្ថភាពជាតិនៅក្នុងវិស័យនេះ។ ការរកឃើញនិងអាជីវកម្មធនធានរ៉ែប្រេងនៅកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ មិនមែនជាបណ្តាសារដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ។
កូវីដ-១៩ បានរំខានដល់យើង តែក៏មិនអាចបំផ្លាញចោលនូវការខិតខំរបស់យើងដើម្បីផលិតប្រេងនោះបានដែរ។ ចូលឆ្នាំសកលថ្មី២០២១​ ខាងមុខ ទោះយើងមិនបានសប្បាយរីករាយដូចឆ្នាំមុនៗ ដោយសារតែកូវីដ-១៩ តែយើងទទួលបានកាដូដ៏ធំសម្រាប់ជាតិយើង នោះគឺប្រេងដែលផលិតចេញលើកដំបូងក្នុងទឹកដីយើង។ ឆ្នាំថ្មី សមិទ្ធផលថ្មី សម្រាប់សេដ្ឋកិច្ចកម្ពុជា ចាប់ពីដើមឆ្នាំ២០២១ តទៅ។
ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមឆ្លៀតឱកាសដ៏មហោឡារិកនេះ សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុតជូនចំពោះជនរួមជាតិទាំងអស់ ដែលបានចូលរួម និងគាំទ្រយ៉ាងសកម្មជា មួយនិងរាជរដ្ឋាភិបាលនៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនាពេលកន្លងនេះ។ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្វាយព្រះពរ និងប្រគេនពរ សម្តេចព្រះសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ និងជូនពរបងប្អូនកូនក្មួយជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ​ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕