ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានអង្គប្រជុំ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការ លេខាធិការដ្ឋាន និងក្រុមការងារសម្រាប់ត្រៀមរៀបចំវេទិកា “សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១” ។
លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប គឺជាវេទិកាអមមួយក្នុងចំណោមវេទិកាទាំង៧ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM)ជាវេទិកាដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្ដិការរវាងតំបន់ និងតំបន់ ដែលផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជា ដូចជា ៖
១ – កិច្ចប្រជុំអាស៊ី-អឺរ៉ុបផ្តល់ឲ្យកម្ពុជានូវឱកាសល្អក្រៃលែង ដើម្បីលើកកម្ពស់មុខមាត់របស់ខ្លួននៅលើឆាកអន្តរជាតិ។
២- វេទិកានេះផ្ដល់ឱកាសដល់កម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា ជាមួយសមាជិកដទៃទៀត តាមរយៈកិច្ចប្រជុំកម្រិតខ្ពស់នានានៃដំណើរការរបស់ ASEM និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាក់លាក់សម្រាប់ការ អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា រួមមានការផ្លាស់ប្តូរពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងវប្បធម៌ជាដើម។
៣- កិច្ចប្រជុំអាស៊ី-អឺរ៉ុប បានរួមចំណែកលើកស្ទួយការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ទាំងក្នុងវិស័យសាធារណៈ និងឯកជន (៤)ការតភ្ជាប់នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប គឺជាទិដ្ឋភាពដ៏រស់រវើកបំផុតសម្រាប់កម្ពុជា ដើម្បីការលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន នៅក្នុងបរិបទដែលតំបន់អាស៊ី-អឺរ៉ុប កំពុងតែមានការតភ្ជាប់គ្នាកាន់តែខ្លាំងឡើងៗ។
លោករដ្ឋមន្ត្រីបានបន្ដថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ជាវេទិកាសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងទ្វីបអាស៊ីនិងអឺរ៉ុប ដែលផ្តោតលើការពង្រឹងភាពជាដៃគូជំរុញឱ្យមានសន្តិភាព និងសន្តិសុខ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ដែលមានវិសាលភាពគ្របដណ្តប់លើទិដ្ឋភាពនយោបាយ និងសន្តិសុខ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទិដ្ឋភាពវប្បធម៌-សង្គម ហើយយន្តការនេះសម្រាប់ថ្នាក់ដឹកនាំដោះស្រាយបញ្ហាប្រឈមសកលនានាផងដែរ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ដោយបច្ចុប្បន្នស្ថិតក្នុងបរិការណ៍នៃការរាតត្បាតជំងឺ កូវីដ-១៩ ត្រូវគិតគូពីឧបករណ៍សុវត្ថិភាពដើម្បីត្រៀមរៀបចំវេទិកាដ៏មានសារៈសំខាន់នេះ ព្រមទាំងចំនួនភ្ញៀវចូលរួម បន្ទប់ប្រជុំ គម្លាតសុវត្ថិភាព ម៉ាស ទឹកអាល់កុល ឬជែលលាងដៃ និងឧបករណ៍ថតសីតុណ្ហភាព ដោយអនុលោមតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវត្រៀមគ្រូពេទ្យសម្រាប់សង្គ្រោះនៅពេលមានបញ្ហាអ្វីមួយកើតឡើង៕