អគ្គនាយកក្រុមហ៊ុន OCIC បានឲ្យដឹងថា អនាគតនៅ តំបន់អភិវឌ្ឍជ្រោយចង្វា នឹងមានអាគារខ្ពស់ៗរបស់រដ្ឋ និងឯកជនជាច្រើន ដែលមានកំពស់ចាប់ពី២១ ជាន់រហូតដល់៣៦ជាន់ នឹងក្លាយជាតំបន់ទេសចរណ៍ដែលមានការទាក់ទាញបំផុត។
លោក ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនOCIC បានឲ្យដឹងថា ដីនៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារនេះ នឹងក្លាយជាតំបន់អភិវឌ្ឍន៍ដែលមានភាពទំនើបបំផុត ហើយតំលៃអចលនទ្រព្យនឹងកើនឡើងខ្ពស់ជាងទ្វេរដង។
លោកបានមានប្រសាសន៍ទៀតថា នៅពេលបច្ចុប្បន្ននេះ ដីនៅតំបន់ជ្រោយចង្វារមានគម្រោងអភិវឌ្ឍជាច្រើនហើយគម្រោងមួយចំនួនបាននឹងកំពុងអនុវត្តសាងសង់មានអគារពន្ធដារកំពស់៣៦ជាន់ ដែលមានទំហំទឹកប្រាក់ប្រមាណ៦០លានដុល្លារអាមេរិកគម្រោងសាងសង់អាគារOCIC កំពស់២១ជាន់ មានទំហំទឹកប្រាក់ជាង២០លានដុល្លារអាមេរិកបច្ចុប្បន្នសាងសង់បានចំនួន៤ជាន់រួចហើយ ហើយក្នុងនោះក៏មានគម្រោងមជ្ឈមណ្ឌលម្ហូបអាហារ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ជាដើម ។
តំបន់អភិវឌ្ឍជ្រោយចង្វាគឺជាគម្រោងទីក្រុងរណបរបស់ក្រុមហ៊ុនOCIC គ្រោងនឹងចំណាយថវិកាវិនិយោគចំនួន ៣០០០លានដុល្លារ ដើម្បីវិនិយោគតំបន់នេះឲ្យមានភាពរស់រវើក បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសាងសង់ផ្លូវ ស្ពានយោងដោយខ្សែកាប ភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅកាន់តំបន់នេះ ធ្វើយ៉ាងណាដើម្បី ទាក់ទាញការចាប់អារម្មណ៍បន្ថែមទៀតចាប់ពីឆ្នាំ២០១៩នេះតទៅ ៕