ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព្រះរាជអាជ្ញាក្រុងភ្នំពេញ បង្គាប់ឲ្យនាយកដ្ឋាព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បើកការស៊ើបអង្កេតលើជនសង្ស័យមួយក្រុមបន្លំជាសមត្ថកិច្ចទៅជំរិតទារលុយពាណិជ្ជករ

ភ្នំពេញ៖ កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បើការស៊ើបអង្កេតជាបន្ទាន់កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ។លើជនសង្ស័យមួយក្រុមចូលគំរាមជំរិតទារលុយពីពាណិជ្ជករម្នាក់នៅក្នុងខណ្ឌសែនសុខ។

យោងតាមដីកាបង្គាប់ឲ្យស៊ើបអង្កេតលេខ៨៨៨ អ.យ.ក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ បានបង្គាប់ឲ្យប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បើកការស៊ើបអង្កេតលើឈ្មោះ គង់ ភាសិត និងបក្ខពួក ពាក់ព័ន្ធនឹងបទល្មើស រំលោភលំនៅដ្ឋានដោយមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយអ្នករាជការសាធារណៈ), បទក្លែងបន្លំជាសមត្ថកិច្ច និងបទកំហែងយក យោងតាមមាត្រា២៩៩, មាត្រា៣០០, មាត្រា៣៦៣, មាត្រា៣៦៤ នៃក្រមព្រហ្មទណ្ឌ។

យោងតាមពាក្យបណ្តឹង ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ លោកស្រី ហ៊ឹម សុភ័ក្រ បានប្តឹងឈ្មោះ គង់ ភាសិត និងបក្ខពួក ដែលមានអាសយដ្ឋាន ផ្ទះលេខ៧១អា ផ្លូវ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពីបទ រំលោភលំនៅដ្ឋាន ដោយមានស្ថានទម្ងន់ទោស, បទក្លែងបន្លំជាសមត្ថកិច្ច និងបទកំហែងយក។

ពាក្សបណ្តឹងបានបញ្ជាក់ថា កាលពីវេលាម៉ោងប្រហែល៨ព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ឈ្មោះ គង់ ភាសិត និងបក្ខពួក បានបើករថយន្ត ម៉ាក ឡង់គ្រីសឺ ព័ណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-5688 ចុះទៅឃ្លាំងរបស់លោកស្រី ហ៊ឹម សុភ័ក្រ ដោយអះអាងថា ពួកគេ ជានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សម្រុកចូលក្នុងឃ្លាំង និងបិទទ្វារ និងឆែកឆេរក្នុងឃ្លាំង។

ពេលនោះឈ្មោះ គង់ ភាសិត និងបក្ខពួក បានបង្ខំឲ្យបុគ្គលិកក្រុមហ៊ុនទាំងអស់ចេញពីឃ្លាំង និងទាក់ទងទៅលោកស្រី ហ៊ឹម សុភ័ក្រ មកចរចា បង់លុយសម្រួលបញ្ចប់រឿង បើមិនដូច្នេះទេ ពួកគេ [គង់ ភាសិត និងបក្ខពួក] នឹងសុំឲ្យព្រះរាជអាជ្ញា ចាប់ខ្លួនបុគ្គលិកទាំងអស់ នៅក្នុងឃ្លាំង។

ក្រុមជនសង្ស័យត្រូវគេស្គាល់ថា មានបុរសម្នាក់ឈ្មោះ ពិត បញ្ញា ពាក់អាវយឺតព័ណ៌ក្រហម ដែលជាអ្នកដឹកនាំកម្លាំង សម្រុកចូលក្នុងឃ្លាំងទំនិញរបស់លោកស្រី ហ៊ឹម សុភ័ក្រ រួចទាញទ្វារឃ្លាំងបិទ និងបញ្ជាឲ្យបុគ្គលិកក្រុមហ៊ុន ហៅទូរស័ព្ទហៅទៅលោកស្រី ហ៊ឹម សុភ័ក្រ ឲ្យមកចរចាបង់លុយឲ្យពួកគេដើម្បីបញ្ចប់រឿង។

លោកស្រី ហ៊ឹម សុភ័ក្រ បានបញ្ជាក់ក្នុងពាក្យបណ្តឹងថា ក្រុមហ៊ុនលោកស្រីត្រូវទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ទើបអាចបើកអាជីវកម្ម ថែមទាំងរកស៊ីបង់ពន្ធជូនរដ្ឋត្រឹមត្រូវ ប៉ុន្តែក្រុមមន្ត្រីជំនាញមួយចំនួនតែងតែចង់ធ្វើស៊ីក្រុមហ៊ុនរបស់លោកស្រី ដែលជាក្រុមហ៊ុនក្នុងស្រុក ហាក់បីដូចជាចង់បំផ្លាញក្រុមហ៊ុនលោកស្រីឲ្យរលាយតែម្តង។

សូមបញ្ជាក់ថា ដើម្បីជំរុញឲ្យប្រជាពលរដ្ឋបង្កើតមុខរបររកស៊ី រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគោលនយោបាយលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម សំដៅបង្កើតការការងារជូនពលរដ្ឋ និងបង្កើនចំណូលជាតិ តាមរយៈការបង់ពន្ធរបស់សហគ្រិន ៕