កែប៖ ចៅក្រមសាលាដំបូងខេត្តកំពត នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ បានពន្យាពេលជាលើកទី២ មិនសាកសួរជនជាប់ចោទពីបទឆបោកប្រាក់ជិតមួយសែនដុល្លារពីម្ចាស់សំណង់ម្នាក់ រស់នៅក្នុងក្រុងកែប ខេត្តកែប។
លោក ឡុង កេសភីរម្យ ប្រធានសាលាដំបូងខេត្តកំពត និងជាចៅក្រមសើបក្នុងក្នុងសំណុំព្រហ្មភទណ្ឌ បានពន្យាពេលឲ្យជនជាប់ចោទឈ្មោះ ម៉ន សុខមាន អាយុ៤០ឆ្នាំ មានទីលំនៅភូមិកណ្តាល ឃុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ដែលត្រូវបានលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ផ្តើមចោទប្រកាន់ពីបទឆបោក ហើយស្នើឲ្យចៅក្រមស៊ើបឃុំខ្លួនបុរសខាងលើនេះ ក្នុងពន្ធនាគារជាបណ្តោះ ដើម្បីធានាការសងប្រាក់ទៅម្ចាស់សំណង់។
កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះដែរ លោក ឡុង កេសភីរម្យ គ្រោងសួរចម្លើយ ឈ្មោះ ម៉ន សុខមាន ដើម្បីបំភ្លឺលើបណ្តឹងរបស់អ្នកស្រី ប៉ុល លក្ខិណា ដែលបានប្តឹងទាមទារឲ្យសងប្រាក់ជំពាក់ចំនួន៩៧៩៥៩ដុល្លារ ដែលខ្លួនបានទទួលយក ប៉ុន្តែមិនបានបំពេញកាតព្វកិច្ចសាងសង់ឲ្យបានចប់សព្វគ្រប់ តាមកិច្ចសន្យា។
យោងតាមឯកសារបានឲ្យដឹងថា អ្នកស្រី ប៉ុល លក្ខិណា ដែលមានទីលំនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានសម្រេចដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីសុំឲ្យតុលាការផ្តន្ទាទោសឈ្មោះ ម៉ន សុខមាន ពីបទឆបោក និងទាមទារប្រាក់ឲ្យសងប្រាក់មកវិញ។
យោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ របស់លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត បានឲ្យដឹងថា ក្នុងបណ្តឹងរបស់អ្នកស្រី ប៉ុល លក្ខិណា អាយុ៣០ឆ្នាំ ពិតជាបទល្មើសឆបោក និងមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា បទល្មើសនេះពិតជាបានកើតឡើងនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប កាលពីថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០១៨ តាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ដូច្នេះតុលាការសម្រេចឲ្យឃុំខ្លួនឈ្មោះ ម៉ន សុខមាន ក្នុងពន្ធនាគារ ដើម្បីធានាការសងប្រាក់ដល់ម្ចាស់លុយ។
លោក ឯក ឆេងហួត បានបញ្ជាក់ក្នុងដីកាថា «អំពើខាងលើជបទល្មើសឆបោក [ដូច្នេះ] សម្រេចបើកការស៊ើបសួរ និងដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យលើឈ្មោះ ម៉ន សុខមាន [និង] ដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបង្ការបទល្មើសកុំឲ្យកើតជាថ្មី និងធានារក្សាជនត្រូវចោទជូនតុលាការចាត់ការតាមនីតិវិធី»។
តាមសម្ដីរៀបរាប់របស់អ្នកស្រី ប៉ុល លក្ខិណា ដែលជាម្ចាស់សំណង់ និងជាម្ចាស់លុយផង បានប្រាប់ឲ្យដឹងថា ខ្លួនជាអ្នកស្រុកភូមិជាមួយនឹងលោក ម៉ន សុខមាន ក៏ហៅលោកមកម៉ៅការសាងសង់ផ្ទះរបស់ខ្លួន ហើយព្រមទាំងបានប្រគល់ប្រាក់ជាដំណាក់កាលៗ ប៉ុន្តែក្រោយពេលប្រគល់លុយរួចរាល់ហើយ ស្រាប់តែឈ្មោះ ម៉ន សុខមាន ចាប់ផ្តើមគេចវេស លើកយកបញ្ហានេះបញ្ហានោះ ដើម្បីបញ្ឈប់បន្តសាងសង់ផ្ទះទៀត។
យោងតាមមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌបានចែងថា ប្រសិនបើតុលាការយកឃើញកំហុស ដូចការទាមទារពីអ្នកស្រី ប៉ុល លក្ខិណា មែននោះ ឈ្មោះ ម៉ន សុខមានអាចប្រឈមជាប់ពន្ធនាគារពីប្រាំមួយខែ ទៅបីឆ្នាំ និងពិន័យជាប្រាក់ពីមួយលានរៀល ទៅប្រាំមួយលានរៀន។ ប៉ុន្តែប្រភពច្បាស់ការណ៍បានបង្ហើបប្រាប់ ដេលីខ្មែរថា ឈ្មោះ ម៉ន សុខមាន កំពុងតែស្វែងរកការជួយអន្តរគមន៍ពីស្រ្តីចៅក្រមម្នាក់ ប្រចាំសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ ដើម្បីគេចផុតពីការឃុំខ្លួនក្នុងពន្ធនាគារ។
លោក ឡុង កេសភីរម្យ និងលោក ឯក ឆេងហួត ដេលីខ្មែរ មិនអាចសុំការបំភ្លឺបានឡើយ អំពីមូលហេតុនៃការលើកពេលសាកសួរម្តងហើយម្តងទៀត លើបទល្មើសព្រហ្មទណ្មមួយនេះ៕