លោក សយ សុភាពដែលជាអ្នកសារព័ត៌មាន និងជាអ្នកអធិប្បាយព័ត៌មាន ខាងបញ្ចេញវោហារស័ព្ទមិនចេះរីងស្ងួត បានស្នើសុំទៅកាន់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ឲ្យសម្រាកធ្វើនយោបាយ ដោយទុកលទ្ធភាពឲ្យសហការី រៀបចំយុទ្ធសាស្ត្រថ្មីវិញ។
ក្នុងលិខិតរបស់លោក សយ សុភាព រៀបរាប់អត្ថន័យថា ដោយស្ថានការណ៍យោបាយ របស់ពិភពលោក ឈានចូលដំណាក់កាលថ្មី ពិសេសការដណ្តើម ឧត្តមភាពត្រួតត្រាពិភពលោករវាង ចិន និង សហរដ្ឋ អាមេរិក ទាំងខាងមនោគមន៍វិជ្ជា នយោបាយ យោធា សេដ្ឋកិច្ច បច្ចេកវិទ្យា និងទាំងខាង វប្បធម៌។
ក្នុងនោះលោក សយ សុភាព បានកត់សំគាល់ថា ប្រទេសនានាក្នុងតំបន់កើតកលយុគយ៉ាងខ្លាំង ដោយប្រទេសមហាអំណាចទាំងពីរ ប្រជែងគ្នាឲ្យគាំទ្រ មនោគមន៍វិជ្ជារៀងៗខ្លួន ដែលធ្វើឲ្យប្រទេសទាំងនោះ ត្រូវប្រឈមមុខឧបសគ្គរាប់មិនអស់ ។
លោក សយ សុភាព រៀបរាប់ក្នុងលិខិតទៅកាន់លោក សម រង្ស៊ី បន្តថា លោកបានយល់ច្បាស់ណាស់ និង បានឈរនៅជាមួយអាមេរិក និងសម្ព័ន្ធមិត្តដើម្បី ទប់ទល់ទៅនឹងនយោបាយរបស់ចិនគឺប្រ៊ី (BRI) ដែល កម្ពុជាជាសមាជិកស្ថាបនិក និងលទ្ធផលបានបង្ហាញ ច្បាស់ពីការងាកចេញពីភាពរណប និងប្រឆាំងទៅនឹងភាពក្រីក្រ អយុត្តិធម៌ជាពិសេស កម្ពុជាឯករាជ្យ។
លោក សយ សុភាព សង្កត់ធ្ងន់ថា “ស្ថិតនៅក្នុង កាលៈទេសៈនេះ ខ្ញុំស្នើលោកសម្រាកពីនយោបាយ ដោយទុកលទ្ធភាពឲ្យសហការី របស់លោករៀបចំនូវ យុទ្ធសាស្ត្រ និងយុទ្ធវិធីថ្មីឲ្យត្រូវតាមគន្លងរដ្ឋធម្មនុញ្ញ របស់កម្ពុជាសម្រាប់ការ បង្កើតបក្សនយោបាយថ្មី ចូលរួមការបោះឆ្នោតនាពេលខាងមុខ” ។
លោកក៏បានស្នើ អតីតមេបក្សប្រឆាំងនេះពិចារណា យល់ថាកម្ពុជា ប្រជាជន កម្ពុជា សំខាន់ជាងលោក ។
សូមរំលឹកថា លោក សយ សុភាព ធ្លាប់សម្របសម្រួលឲ្យលោក សម រង្ស៊ី បានវិលត្រឡប់ចូលស្រុកខ្មែរវិញ ក៏ដូចជាធ្លាប់ជួយសម្របសម្រួលឲ្យអ្នកនយោបាយ និងសកម្មជនដីធ្លីផងដែរ ៕