ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តុលាការខេត្តកំពត​ ពន្យាពេលសួរចម្លើយជនជាប់ចោទម្តងទៀត ពីបទឆបោកប្រាក់ជិតមួយសែនដុល្លារ​ ក្នុងករណីសាងសង់ផ្ទះ

កែប៖​ ​ ចៅក្រមសាលាដំបូងខេត្តកំពត​ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ​ បានពន្យាពេលជាលើកទី២​ មិនសាកសួរជនជាប់ចោទពីបទឆបោកប្រាក់ជិតមួយសែនដុល្លារ​ពីម្ចាស់សំណង់ម្នាក់​​ រស់នៅក្នុងក្រុងកែប​​ ខេត្តកែប។

លោក​ ឡុង កេសភីរម្យ ប្រធានសាលាដំបូងខេត្តកំពត និងជាចៅក្រមសើបក្នុងក្នុងសំណុំព្រហ្មភទណ្ឌ បានពន្យាពេលឲ្យជនជាប់ចោទឈ្មោះ​ ម៉ន​ សុខមាន អាយុ៤០ឆ្នាំ​ មានទីលំនៅភូមិកណ្តាល​ ឃុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត​ ដែលត្រូវបានលោក​ ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ផ្តើមចោទប្រកាន់ពីបទឆបោក​ ហើយស្នើឲ្យចៅក្រមស៊ើបឃុំខ្លួនបុរសខាងលើនេះ ក្នុងពន្ធនាគារជាបណ្តោះ ដើម្បីធានាការសងប្រាក់ទៅម្ចាស់សំណង់។

កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះដែរ លោក​ ឡុង​​ កេសភីរម្យ គ្រោងសួរចម្លើយ​ ឈ្មោះ​ ម៉ន​ សុខមាន​ ដើម្បីបំភ្លឺលើបណ្តឹងរបស់អ្នកស្រី ប៉ុល​ លក្ខិណា​ ដែលបានប្តឹងទាមទារឲ្យសងប្រាក់ជំពាក់​ចំនួន៩៧៩៥៩ដុល្លារ​ ដែលខ្លួនបានទទួលយក ប៉ុន្តែមិនបានបំពេញកាតព្វកិច្ចសាងសង់ឲ្យបានចប់សព្វគ្រប់ តាមកិច្ចសន្យា។

យោងតាមឯកសារ​បានឲ្យដឹងថា​ អ្នកស្រី ប៉ុល​ លក្ខិណា​ ដែលមានទីលំនៅភូមិថ្មី​ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានសម្រេចដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តកំពត​ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០​​ ដើម្បីសុំឲ្យតុលាការផ្តន្ទាទោសឈ្មោះ​ ម៉ន សុខមាន ពីបទឆបោក​ និងទាមទារប្រាក់ឲ្យសងប្រាក់មកវិញ។

យោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០​ របស់លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត បានឲ្យដឹងថា ក្នុងបណ្តឹងរបស់អ្នកស្រី ប៉ុល លក្ខិណា អាយុ៣០ឆ្នាំ ពិតជាបទល្មើសឆបោក​ និងមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា​ បទល្មើសនេះ​ពិតជាបានកើតឡើងនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប​ ខេត្តកែប កាលពីថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០១៨​ តាមមាត្រា៣៧៧ និងមាត្រា៣៧៨​ នៃក្រមព្រហ្មទណ្ឌ​​ ដូច្នេះតុលាការសម្រេចឲ្យឃុំខ្លួនឈ្មោះ​ ម៉ន​ សុខមាន ក្នុងពន្ធនាគារ ដើម្បីធានាការសងប្រាក់ដល់ម្ចាស់លុយ។

លោក ឯក ឆេងហួត​ បានបញ្ជាក់ក្នុងដីកាថា «អំពើខាងលើជបទល្មើសឆបោក​ [ដូច្នេះ] សម្រេចបើកការស៊ើបសួរ និងដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យលើឈ្មោះ​ ម៉ន​ សុខមាន [និង]​ ដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្ន​ ដើម្បីបង្ការបទល្មើសកុំឲ្យកើតជាថ្មី និងធានារក្សាជនត្រូវចោទជូនតុលាការចាត់ការតាមនីតិវិធី»។

តាមសម្ដី​រៀបរាប់របស់អ្នកស្រី ប៉ុល លក្ខិណា ដែលជាម្ចាស់សំណង់ និងជាម្ចាស់លុយផង​​ បានប្រាប់ឲ្យដឹងថា ខ្លួនជាអ្នកស្រុកភូមិជាមួយនឹងលោក ម៉ន សុខមាន ក៏ហៅលោកមកម៉ៅការសាងសង់ផ្ទះរបស់ខ្លួន​ ហើយព្រមទាំងបានប្រគល់ប្រាក់ជាដំណាក់កាលៗ​​ ប៉ុន្តែក្រោយពេលប្រគល់លុយរួចរាល់ហើយ ស្រាប់តែឈ្មោះ ម៉ន សុខមាន ចាប់ផ្តើមគេចវេស លើកយកបញ្ហានេះបញ្ហានោះ ដើម្បីបញ្ឈប់បន្តសាងសង់ផ្ទះទៀត។

យោងតាមមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌបានចែងថា ប្រសិនបើតុលាការយកឃើញកំហុស ដូចការទាមទារពីអ្នកស្រី ប៉ុល លក្ខិណា​ មែននោះ ឈ្មោះ ម៉ន សុខមាន​​អាចប្រឈមជាប់ពន្ធនាគារពីប្រាំមួយខែ ទៅបីឆ្នាំ និងពិន័យជាប្រាក់ពីមួយលានរៀល​ ទៅប្រាំមួយលានរៀន។​ ប៉ុន្តែប្រភពច្បាស់ការណ៍បានបង្ហើបប្រាប់​ ដេលីខ្មែរថា ឈ្មោះ ម៉ន សុខមាន កំពុងតែស្វែងរកការជួយអន្តរគមន៍ពីស្រ្តីចៅក្រមម្នាក់ ប្រចាំសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ ដើម្បីគេចផុតពីការឃុំខ្លួនក្នុងពន្ធនាគារ។

លោក ឡុង កេសភីរម្យ និងលោក ឯក ឆេងហួត ដេលីខ្មែរ មិនអាចសុំការបំភ្លឺបានឡើយ​ អំពីមូលហេតុនៃការលើកពេលសាកសួរម្តងហើយម្តងទៀត​ លើបទល្មើសព្រហ្មទណ្មមួយនេះ៕