ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 មានអ្នកឆ្លងកូវីដ១៩ ថ្មី ២នាក់ ម្នាក់ជាកុមារអាយុ ១ឆ្នាំ និងម្នាក់ទៀត ជាពលករខ្មែរមកពីថៃ

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី១៩ ខែមករានេះ​ថា មានករណីវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២នាក់ទៀត កុមារជនជាតិឥណ្ឌូនេស៊ី អាយុ ១ឆ្នាំ បានឆ្លងពីឪពុកម្តាយ ដែល​កើតជំងឺកូវីដ១៩ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។ ចំណែកម្នាក់ទៀត ជាស្ត្រីពលករខ្មែរ ធ្វើដំណើរ​មកពីប្រទេសថៃ។ ​

នេះយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២នាក់ថ្មីនេះ ​គឺម្នាក់ ជាកុមារា​ជនជាតិឥណ្ឌូនេស៊ី អាយុ ១ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅខេត្តសៀមរាប ជាកូនប្រុសរបស់បុរសអាយុ ៣៤ឆ្នាំ និងស្ត្រីអាយុ ៣៣ឆ្នាំ ដែលវិជ្ជមានវីរុសកូវីដ១៩ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ជាអ្នកដំណើរ​មកពីប្រទេសឥណ្ឌូនេស៊ី បន្តជើងហោះហើរ នៅប្រទេសសិង្ហបុរី មកដល់កម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់កុមារាខាងលើនេះ ផ្តល់​ដោយវិទ្យាស្ថានប៉ាស្ទ័រ​កម្ពុជា គឺវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់​ឲ្យសម្រាក​ព្យាបាលនៅមជ្ឈ​មណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ​។

ក្រសួងសុខាភិបាល ក៏បានប្រកាសពីករណីវិជ្ជមានវីរុសកូវីដ១៩ ម្នាក់ទៀត ដែលជាពលករខ្មែរ ធ្វើដំណើរមកពីប្រទេសថៃ​។ នោះគឺស្ត្រីជនជាតិខ្មែរ អាយុ ៣១ឆ្នាំ មានអាសយដ្ឋាន​ ស្នាក់នៅភូមិ​គោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរ​មកពី​ប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ លទ្ធផលធ្វើតេស្ត​វត្ថុសំណាក​ លើកទី២ របស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបាន​ដាក់​ឲ្យសម្រាកព្យាបាល​ នៅមន្ទីរពេទ្យ​បង្អែកខេត្តបន្ទាយមានជ័យ។

សេចក្តីប្រកាសបន្តថា គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នេះ នៅទូទាំងប្រទេស រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៤១នាក់ ( អ្នកដំណើរ​ចូលកម្ពុជា និងអ្នកឆ្លងបន្តនៅក្នុងប្រទេស ៣៧១នាក់ និងពលករធ្វើដំណើរមកពីប្រទេសថៃ ៧០នាក់ )។ ក្នុងនោះ ៣៨៦នាក់ ជាសះស្បើយ ( អ្នកដំណើរ​ចូលកម្ពុជា និងអ្នកឆ្លងបន្តនៅក្នុងប្រទេស ជាសះស្បើយ ៣៦៤នាក់ និងពលករធ្វើដំណើរមកពីប្រទេសថៃ ជាសះស្បើយ ២២នាក់ )។ រីឯអ្នកកំពុងសម្រាកព្យាបាល មានចំនួន ៥៥នាក់ ( មជ្ឈមណ្ឌលជាតិកំចាត់​រោគរបេង និងហង់សិន ៧នាក់ នៅមន្ទីរពេទ្យ​បង្អែក ខេត្តប៉ៃលិន ម្នាក់ នៅមន្ទីរពេទ្យ​បង្អែក ខេត្តបន្ទាយមានជ័យ ៣៤នាក់ មន្ទីរពេទ្យ​បង្អែក ខេត្តបាត់ដំបង ១១នាក់ និងមន្ទីរពេទ្យបង្អែក ខេត្តឧត្តរមានជ័យ ២នាក់ )៕