ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅសម្រាប់ឆ្នាំ២០២១

កំពង់ចាម៖ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពប្រចាំឆ្នាំ២០២០ និងទិសដៅសម្រាប់អនុវត្តការងារបន្ន្តសម្រាប់ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រីអនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា នាយក នាយករង និងមន្ត្រីក្រុមប្រតិបត្តិសាខា សរុបចំនួន ២៣នាក់។

អង្គប្រជុំ បានតាមដានស្តាប់នូវរបាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាព និងលទ្ធផលសកម្មភាពការងារ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២១, ស្តាប់របាយការណ៍ ស្តីពីចំណូល ចំណាយ ថវិការបស់សាខា ឆ្នាំ២០២០ រួមទាំងការព្យាករណ៍អំពីចំណូលសម្រាប់ឆ្នាំ ២០២១ ព្រមទាំងពិនិត្យ ពិភាក្សា និងអនុម័តផែនការអភិវឌ្ឍន៍សកម្មភាពរបស់សាខា ឆ្នាំ២០២១។

លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាង សកម្ម ធ្វើជាសេនាធិការឲ្យគណៈកម្មាធិការសាខា ក្នុងការដឹកនាំជំរុញវិស័យស្នូលទាំងបួន របស់កាកបាទក្រហមកម្ពុជា រយៈពេលមួយឆ្នាំនេះ ទោះបីមានការរំខានពីវិបត្តិកូវីដ១៩ យ៉ាងណាក្តី ក៏សាខាកាកបាទក្រហមខេត្ត បានពុះពារធ្វើសកម្មភាព រហូតសម្រេចបានលទ្ធផលគួរជាទីមោទនភាព ជាពិសេស ការផ្តល់ជំនួយសង្រ្គោះ ផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ ដោយមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះ ដែលខ្វះខាតជីវភាព បានទាន់ពេលវេលា ស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមកម្ពជា»។

ជាមួយគ្នានេះដែរ សាខាកាកបាទក្រហមខេត្ត ក៏បានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសហការ ដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត ចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមជាមួយការអប់រំសុខភាព ពាក់ព័ន្ធទៅនឹងវិធានការកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ ១៩ និងជំងឺគ្រុនឈីក គ្រុនឈាម ។

លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ចំពោះផែនការអភិវឌ្ឍសកម្មភាព ឆ្នាំ២០២១នេះ គឺសាខា បានរៀបចំ មាន ១៩គោលដៅ និង៣៩សកម្មភាព ដោយកំណត់សុចនាករច្បាស់លាស់ ដើម្បីធ្វើឲ្យសម្រេចបាននូវទិសយុទ្ធសាស្ត្រទាំងបួនរបស់កាកបាទក្រហមកម្ពុជា ស្របទៅនឹងលទ្ធភាពថវិការបស់សាខា។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ដូច្នេះថា «យើងរៀបចំបាននូវផែនការ មានន័យថា យើងសម្រេចលទ្ធផល បាន៤០ភាគរយហើយ នៅសល់៦០ភាគរយទៀត គឺជាការប្រតិបត្តិជាក់ស្តែង និងទេពកោសល្យដឹកនាំរបស់មន្ត្រីយើងតែប៉ុណ្ណោះ»។

មានប្រសាសន៍ក្នុងឱកាសបិទកិច្ចប្រជុំ លោកអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា បានណែនាំអំពីការងារមួយចំនួនសម្រាប់អនុវត្តបន្ត ជាពិសេសត្រូវយកចិត្តទុកដាក់ បន្តការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមជាមួយការបន្តចូលរួមអនុវត្ត វិធានការរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ

កូវីដ១៩ ឲ្យបានជាប្រចាំ – ត្រូវពង្រឹងភាពម្ចាស់ការរបស់សាខា-អនុសាខាក្រុង ស្រុក រួមជាមួយការពង្រឹង និងពង្រីកបណ្តាញយុវជន អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតប ត្រៀមបង្ការ និងកសាងភាពធន់មាំនៅតាមសហគមន៍ ដែលទន្ទឹមនេះដែរ ត្រូវពង្រឹងការគ្រប់គ្រងមូលនិធិ គ្រប់គ្រងចំណូល ចំណាយ និងការទូទាត់ឲ្យមានតម្លាភាព និងគណនេយ្យភាព៕