ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយ​​ផ្សារកសិផលនិងចំណីអាហារ

(សៀមរាប)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងផ្សារកសិផលនិងចំណីអាហារ (FOOD AND AGRICULTURE MARKET) និងក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី (LYLY FOOD INDUSTRY CO., LTD.)កាលពី​​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ស្តីពីការផ្គត់ផ្គង់ និងការបញ្ជាទិញផលិត​ផលកសិ-ពាណិជ្ជកម្មបន្លែ នៅសណ្ឋាគារ Empress Angkor Resort & Spa ខេត្តសៀមរាប។

លោក ប៉ាន សូរស័ក្តិ បានមានគូសញ្ជាក់ថា ក្រសួងពាណិជ្ជកម្មជំរុញផលិតផលកសិ-ពាណិជ្ជកម្ម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបង្កើនប្រាក់ចំណូលដល់បងប្អូនកសិករផលិតរបស់យើង ដែលអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្រ្តីបន្តថា​​«កន្លងមកទីផ្សារបន្លែក្នុងស្រុកមានតម្រូវការខ្ពស់ ប៉ុន្តែការផ្គត់ផ្គង់មិនទាន់មានភាពជាក់លាក់ និងនៅមានកម្រិតទាំងបរិមាណ និងគុណភាព ដែលធ្វើឱ្យតម្លៃកសិផលដែលកសិករផលិតបានមិនប្រាកដប្រជា។ ក្រសួងពាណិជ្ជកម្មដែលដឹកនាំប្រតិបត្តិគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច បានចាប់ផ្តើមធ្វើកិច្ចការដោយផ្ទាល់ក្នុងការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ការផលិតនិងទីផ្សារ»។

លោក​​រដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ផ្សារកសិផលនិងចំណីអាហារ និងក្រុមហ៊ុន លី លី ហ៊្វូដអ៊ិនដាសទ្រី ខូ អិល ធីឌី ស្តីពីការផ្គត់ផ្គង់ និងបញ្ជាទិញផលិតផលកសិ-ពាណិជ្ជកម្មបន្លែ នៅលើទឹកដីសៀមរាបអង្គរនាពេលនេះ គឺជាសមិទ្ធផលមួយទៀត ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាត​តូច ក្នុងការតភ្ជាប់ក្រុមអ្នកផលិត អ្នកប្រមូលទិញ និងរោងចក្រកែច្នៃ ដែលជាកិច្ចការដ៏មានអត្ថប្រយោជន៍ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការបង្កើនចំណូលជូនដល់ប្រជាជននៅមូលដ្ឋាន។

លោក ប៉ាន សូរស័ក្តិ បានផ្តល់អនុសាសន៍ដល់ភាគីហត្ថលេខីទាំងពីរ ត្រូវរក្សាឱ្យបានទាំងបរិមាណនិងគុណភាព និងសហការ​ឱ្យបានល្អ ដើម្បីធានាដំណើរការនៃការផ្គត់ផ្គង់ និងបញ្ជាទិញផលិតផលកសិ-ពាណិជ្ជកម្មបន្លែឱ្យរលូន និងមាននិរន្តរភាព។ ចែករំលែកព័ត៌មានជាមួយគ្នាទៅវិញទៅមក និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីធ្វើការដោះស្រាយបញ្ហាប្រឈម ដែលអាចកើតមានឡើងក្នុងដំណើរការនៃការផ្គត់ផ្គង់ និងបញ្ជាទិញ។
ពិនិត្យលទ្ធភាពក្នុងការពង្រីកបន្ថែមលើមុខទំនិញកសិ-ពាណិជ្ជកម្មដទៃទៀត ព្រមទាំងគាំទ្រដល់ផលិតផល ដែលកសិករផលិតបាន និងជំរុញការផលិតឱ្យមានគុណភាព និងសុវត្ថិភាព។

លោករដ្ឋមន្រ្តីបន្ថែមថា​​«ការសហការគ្នាល្អក្នុងការផ្គត់ផ្គង់ និងបញ្ជាទិញផលិតផលកសិ-ពាណិជ្ជកម្មបន្លែ នឹងបង្កើតឱ្យមានការទុកចិត្តគ្នាក្នុងការធ្វើឱ្យតម្លៃផលិតផលទាំងនេះ នៅក្នុងទីផ្សារកាន់តែមានស្ថិរភាព និងរីកចម្រើនមួយកម្រិតទៀត»។

គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS)ខេត្តសៀមរាប បាននិងកំពុងអនុវត្តនៅស្រុកចំនួន០៨ ដែលមានកសិករផលិតចំនួន ១៥០ក្រុម ហើយបានធ្វើការតភ្ជាប់រវាងក្រុមផលិតទៅកាន់ទីផ្សារតាមរយៈអ្នកប្រមូលទិញក្នុងតំបន់ ផ្សារទំនើប និងការបង្កើតឱ្យមានទីតាំងលក់បន្លែផ្សារចុងសប្តាហ៍ ដោយមានការគាំទ្រពីរដ្ឋបាលខេត្ត និងសហការពីសភាពាណិជ្ជកម្ម មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ និងដៃគូរពាក់ព័ន្ធ។

ដើម្បីស្វែងរកទីផ្សារបន្ថែមទៀតដល់ក្រុមផលិតដែលមានសក្តានុពល ក្រុមការងារគម្រោងAIMS ពិភាក្សាជាមួយក្រុមហ៊ុន លីលី ហ៊្វូដអ៊ិនដាសទ្រី ដែលមានបំណងស្វែងរកការផ្គត់ផ្គង់ផលិតផលកសិពាណិជ្ជកម្មសម្រាប់បម្រើឱ្យការកែច្នៃរបស់ខ្លួន។

គម្រោងបានតភ្ជាប់ក្រុមហ៊ុន លីលី ជាមួយផ្សារកសិផលនិងចំណីអាហារ សម្រាប់ផ្គត់ផ្គង់បន្លែក្នុងបរិមាណមួយទៀងទាត់ ហើយផលិតផលមួយចំនួនដែលក្រុមហ៊ុនមានតម្រូវការ និងបានសាកល្បងដាំរួចហើយរួមមាន ផ្លែល្ពៅនិងត្រលាចនៅតាមក្រុមផលិត ដែលក្រុមហ៊ុនមានតម្រូវការប្រមាណជា០២តោន ក្នុង០១ថ្ងៃ ជាមួយការផ្តល់តម្លៃសមរម្យដែលកសិករអាចទទួលយកបាន ចំណែកផលិតផលសណ្តែកគួរ និងពោតបារាំងវិញ នឹងបន្តធ្វើការសាកល្បងនៅពេលបន្តបន្ទាប់គ្នា៕