ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្នុង​​ឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករបន្តមាន​​កំណើន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បាន​​ឲ្យដឹង​​ថា ​នៅឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករកើនបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែវិស័យស្រូវអង្ករនេះក៏ជួបនឹងបញ្ហាប្រឈមផងដែរក្នុងវិបត្តិកូវីដ-១៩ ដែលនាំឱ្យតម្លៃនៃការដឹកជញ្ជូនស្រូវអង្ករកម្ពុជាតាមផ្លូវសមុទ្រឡើងថ្លែពី១ពាន់ដុល្លារទៅ៥ពាន់ដុល្លារក្នុង១កុងតឺន័រ។
លោកឧកញ៉ា សុង សារ៉នបាន​បន្ដែមថា« ឆ្នាំ២០២០កម្ពុជាមានបញ្ហាប្រឈមជាច្រើនជាមួយនឹងការនាំចេញស្រូវអង្ករដោយ បញ្ហាទី១ គឺវិបត្តិកូវីដ-១៩ ទី២ ការរងគ្រោះដោយទឹកជំនន់ធ្វើឱ្យស្រូវមួយចំនួនលិចលង់ និងទី៣ គឺបញ្ហាការដឹកជញ្ជូន ដែលជាបញ្ហាធំជាងគេ»។

នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅកម្ពុជាសម្រេចបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិក្នុងបរិមាណ ៦៤ ៧៤០ តោន គិតជាទឹកប្រាក់ចំនួន ៤៨.៦៥លានដុល្លារសហរដ្ឋអាមេរិក។  បរិមាណនាំចេញនេះ មានការកើនឡើងចំនួនជាង១៥% តែចំណូលនៃការនាំចេញបានធ្លាក់ចុះ 13.26% ដោយសារតម្លៃលើទីផ្សារអង្ករក្រអូបមានការធ្លាក់ចុះជាបន្តបន្ទាប់។

កាលពី​​ខែវិច្ឆិកានេះដែរ អង្កររបស់កម្ពុជា បាននាំចេញចំនួន ៦១% ទៅកាន់ប្រទេសចិន និង ២%ទៅកាន់ទីផ្សារទីក្រុង​ហុងកុង ដែលមានបរិមាណសរុបចំនួន ៤០ ៤៨៩តោន គិតជាទឹកប្រាក់ចំនួន ២៩លានដុល្លារសហរដ្ឋអាមេរិក។