ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក សាយ សំអាល់ ថ្លែងថា សហគមន៍ការពារធម្មជាតិ និងតំបន់ការពារធម្មជាតិជាង២០ កំពុងមានសកម្មភាពទេសចរណ៍

(សៀមរាប)៖លោក​​ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងកាល​ពីថ្ងៃទី២៧ខែមករានេះ ​​ក្នុងឱកាសបើកវេទិកាជាតិអេកូទេសចរណ៍លើកទី២ដោយបញ្ជាក់ថា​​ ក្រសួងបរិស្ថានបានបង្កើតសហគមន៍មូលដ្ឋាននៅតំបន់ការពារធម្មជាតិមានចំនួន ១៧៤ នៅទូទាំងប្រទេសកម្ពុជា ក្នុងចំណោមនោះមានសហគមន៍ការពារធម្មជាតិ និងតំបន់ការពារធម្មជាតិជាង ២០ កំពុងមានសកម្មភាពទេសចរណ៍។
លោក​បានថ្លែងថា ក្រសួងបរិស្ថានបានសម្រេចគោលដៅក្នុងការរៀបចំ បង្កើតសហគមន៍មូលដ្ឋាននៅតំបន់ការពារធម្មជាតិទាំងអស់ ដែលគិតមកដល់បច្ចុប្បន្ននេះមានចំនួន ១៧៤ ក្នុងគោលបំណងពង្រឹងភាពជាដៃគូ តួនាទី និងការទទួលខុសត្រូវរបស់សហគមន៍មូលដ្ឋានក្នុងការចូលរួមចំណែកលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធន​ធាន​ធម្មជាតិដោយនិរន្តរភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅមូលដ្ឋាន។

លើសពីនេះ  តាមរយៈការកាត់បន្ថយការពឹងផ្អែករបស់ប្រជាពលរដ្ឋទាំងស្រុងលើការប្រើប្រាស់ធនធានធម្មជាតិ ជាពិសេសព្រៃឈើ និងជីវចម្រុះ និងជំរុញការរស់នៅដោយចីរភាព ដោយធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចតាមសហមគម​ន៍នីមួយៗ។
លោករដ្ឋមន្រ្តី​ថ្លែងថា «ក្នុងចំណោមចំនួននេះ មានសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍ផ្សេងទៀតក្នុងតំបន់ការពារធម្មជាតិជាង ២០ ដែលមានសក្តានុពលផ្នែកទេសចរណ៍ធម្មជាតិ និងកំពុងផ្តល់សេវាកម្មនេះដល់ភ្ញៀវទេសចរ»។
លោករដ្ឋមន្ត្រីបានបន្តថា ការអភិវឌ្ឍអេកូទេសចរណ៍ដែលឈរលើគោលការណ៍និរន្តរភាពបរិស្ថាន ព្រមទាំងការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋមូលដ្ឋាន និងការបែងចែកផលសេដ្ឋកិច្ចប្រកបដោយសមធម៌ មិនត្រឹមតែរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការអភិវឌ្ឍដោយចីរភាពផងដែរ។
ក្នុងន័យនេះ ក្រសួងបរិស្ថានបាននិងកំពុងខិតខំអនុវត្តភារកិច្ចរបស់ខ្លួន ដោយដៃម្ខាងផ្តោតលើការគ្រប់គ្រង អភិរក្សធនធានធម្មជាតិ និងជីវចម្រុះ ដែលមានសារៈសំខាន់ចាំបាច់ជាសារវន្តក្នុងការធានាដល់និរន្តរភាពបរិស្ថាន និងគាំទ្រដល់សន្តិសុខស្បៀង សេដ្ឋកិច្ច សង្គម និងសុខភាពសាធារណៈ តាមរយៈមុខងារ និងតួនាទីសេវាកម្មប្រព័ន្ធអេកូឡូស៊ី ហើយដៃម្ខាងទៀតផ្តោតលើការជួយដល់ការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ ដែលជាឆ្អឹងខ្នងមួយដ៏សំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការពារ អភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅតំបន់ការពារធម្មជាតិ។

ក្រៅពីនេះ ក្រសួងបរិស្ថានតែងតែយកចិត្តទុកដាក់ផ្តល់ការគាំទ្រដល់ពួកគាត់ ទាំងទិសដៅរយៈពេលវែង តាមរយៈការជំរុញការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការនានារបស់រដ្ឋ ជាអាទិ៍អេកូទេសចរណ៍ កសិកម្មបែបទំនើប សុខភាពសហគមន៍ ទឹកស្អាត និងអាហារូបត្ថម្ភ ទាំងជាលក្ខណៈជួយអន្តរាគមន៍បន្ទាន់ចំពោះមុខ ជាពិសេសក្នុងកំលុងវិបត្តិកូវីដ-១៩នេះ និងការផ្តល់ជាពូជបន្លែ សត្វជាដើម។
ក្រសួង ស្ថាប័នពាក់ព័ន្ធគួរបង្កើត ឬពង្រឹងយន្តការសម្របសម្រួលនិងសហការគ្នាបន្ថែមទៀត ដើម្បីផ្តល់កិច្ចគាំទ្រដល់ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសេវាសាធារណៈដទៃទៀតទៅដល់សហគមន៍មូលដ្ឋាន ស្របទៅតាមគោលនយោបាយអន្តរវិស័យនានារបស់រដ្ឋដែលបានដាក់ចេញ ដូចជាទឹកស្អាត បង្គន់អនាម័យ សុខាភិបាល ការគ្រប់គ្រងសំរាម សំណល់រឹង ទឹកកខ្វក់ទីប្រជុំជនជាដើម។
សូមភាគីពាក់ព័ន្ធទាំងអស់បន្តសម្របសម្រួល និងជំរុញការបង្កើតបណ្តាញទីផ្សារ ក្រុមសន្សំ និងក្រុមផលិតក្នុងសហគ​មន៍មូលដ្ឋានជាដើម ដើម្បីធានាបាននូវច្រវាក់តម្លៃ និងនិរន្តរភាពទីផ្សារសម្រាប់សហគមន៍។
សូមអង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ចូលរួមផ្តល់ការគាំទ្រ ទាំងហិរញ្ញវត្ថុ និងបច្ចេកទេសដល់សហគមន៍មូលដ្ឋាន ជាលក្ខណៈបំពេញបន្ថែមដល់គោលនយោបាយ និងវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដើម្បីធានាបាននូវសង្គតិភាព និងប្រសិទ្ធភាពខ្ពស់៕