ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កិច្ចព្រមព្រៀមពាណិជ្ជកម្មសេរីរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ នឹងលើកកម្ពស់ការនាំចេញរបស់កម្ពុជាបន្ថែមទៀត

លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមនៅក្នុងពិធីប្រកាសបញ្ចប់ការចរចាកិច្ចព្រមព្រៀមពាណិជ្ជកម្មសេរីរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ (CKFTA) តាមរយៈប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព លោក​​ ប៉ាន សូរសក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ YOO Myung-hee រដ្ឋមន្រ្តីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េនៅ​ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅឯសណ្ឋាគារ Sofitel។

កិច្ចព្រមព្រៀងនេះត្រូវបាន​គេមើលឃើញថា​​ នឹងលើកកម្ពស់ការនាំចេញរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េបន្ថែមទៀត លើទំនិញដែលធ្លាប់នាំចេញនាពេលកន្លងមក មានដូចជា ផលិតផលកសិកម្ម សម្លៀកបំពាក់និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ ជាដើម។ សម្រាប់ សាធារណរដ្ឋកូរ៉េក៏អាចជួយលើកកម្ពស់ការនាំចេញរបស់ខ្លួនបន្ថែមទៀត មកកាន់ប្រទេសកម្ពុជា រួមមាន យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារៈអគ្គិសនី ភេសជ្ជៈ ឱសថ និងផលិតផលផ្លាស្ទីក។


ប្រទេសទាំងពីរនឹងអនុវត្តនីតិវិធីក្នុងស្រុក សម្រាប់ចុះហត្ថលេខា លើកិច្ចព្រមព្រៀងទ្វេភាគីនេះ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលឆ្នាំ២០២១ ខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា សមិទ្ធផលផ្លែផ្កាដ៏សំខាន់នេះ ត្រូវបានផ្តួចផ្តើមឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ប្រធានាធិបតី Moon Jae-In នៃសាធារណរដ្ឋកូរ៉េ មកកាន់ប្រទេសកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៩។