ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញលិខិតអញ្ជើញម្ចាស់ផេក Hokima និងអ្នកសម្តែងរឿងទុំទាវ២០២១ ក្នុងផេក Hokima ចូលមកកាន់ទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ទប់លេខាធិការដ្ឋាន ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៅថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩ព្រឹក។
ដើម្បីចូលមកបំភ្លឺ ករណីថតកាឡៃរឿងទុំទាវ ដែលធ្វើឲ្យមានផលប៉ះពាល់ដល់សាសនា វប្បធម៌ជាតិ និងប្រពៃណីជាតិ។
លិខិតដដែលបានបញ្ជាក់ថា ម្ចាស់ផេក Hokima និងតារាសម្តែង ត្រូវចូលខ្លួនមកបំភ្លឺឲ្យទាន់ពេលវេលាតាមកាលបរិច្ឆេទខាងលើជាកំហិត។ បើពុំដូច្នោះទេ ក្រសួងនឹងបន្តនីតិវិធីចាត់វិធានការតាមផ្លូវច្បាប់ ដោយការចាំបាច់។
សូមរំលឹកថា អាជី និង អាម៉ី ដែលគេស្គាល់ថាអ្នកលក់ឡេតាមអនឡាញល្បីឈ្មោះ ព្រមទាំងក្រុមការងាររបស់ខ្លួន បានបញ្ចេញនូវវីដេអូកំប្លែងខ្លីដែលមានចំណងជើងថា«ទុំទាវ២០២១» គេសង្កេតឃើញថាវីដេអូកំប្លែងនេះមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន នៅលើបណ្តាញសង្គមយ៉ាងខ្លាំង៕