(ខេត្តក្រចេះ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប)និងសហការជាមួយមន្ទីពាណិជ្ជនិងរដ្ឋបាលខេត្ត បានរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយការយល់ដឹងអំពី វិធានការបង្ការពីការពុលស្រា និងបទ ប្បញ្ញត្តិពាក់ព័ន្ធ។
ពិធីនេះមានការចូលរួមពី លោក ឌឹម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាង លោក ផាន អូន អគ្គនាយក នៃអគ្គយកដ្ឋាន ក.ប.ប. និងលោក ស្រេង សុភាព អភិបាលរងតំណាង លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងដោយមានការចូលរួមពី លោកឧកញ៉ា លោក លោកស្រី ជាប្រធានមន្ទីរ ស្ថាប័នពាក់ព័ន្ធក្នុងខេត្ត និងលោក លោកស្រី ជាផលិតករ អាជីវករ អ្នកចែកចាយ នៅក្នុងខេត្តក្រចេះ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ តែងតែចង្អុលបង្ហាញ មកអគ្គនាយកដ្ឋាន ក.ប.ប. ឱ្យខិតខំបន្តយកចិត្តទុកដាក់លើសុខុមាលភាពប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ តាមរយៈការបើកវគ្គអប់រំផ្សព្វផ្សាយពីបទប្បញ្ញត្តិពាក់ព័ន្ធនានាដល់អាជីវករ អ្នកផលិតផលិតផលម្ហូបអាហារ និងវិធីសាស្ត្របង្ការករណីបង្កគ្រោះពីការហូបផលិតផលម្ហូបអាហារមួយចំនួនដែលមានហា និភ័យ។
តួយ៉ាង ផលិតផលស្រា ស្រា ស និងស្រាថ្នាំ ត្រូវបានអគ្គនាយកដ្ឋាន ក.ប.ប. ចាត់ទុកជាផលិតផលមានហានិភ័យខ្ពស់ ទើបអគ្គនាយកដ្ឋាន ក.ប.ប បើកវគ្គអប់រំផ្សព្វផ្សាយ ឱ្យបានមុនពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងពិធីបុណ្យចូលឆ្នាំប្រពៃខ្មែរ ដើម្បីឱ្យភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋបានយល់ដឹងតាមរយៈការចែកខិតប័ណ្ណអប់រំការយល់ដឹងករណីពុលស្រា និងផលប៉ះពាល់សុខភាព ដល់អ្នកចូលរួមវគ្គ និងបន្តចែកជូនតាមរយៈអាជ្ញាធរដែនដី ដល់ប្រជាពលរដ្ឋតាមមូលដ្ឋានបានស្វែងយល់ និងអាចការពារពីករណីពុលស្រាជាយថាហេតុ។
សូមបញ្ជាក់ផងដែរថា កន្លងមកមានករណីពុលស្រា ជាច្រើនករណីដូចជា ករណីពុលស្រានៅខេត្តពោធិ៍សាត់ នៅឆ្នាំ២០១៦ បណ្តាលឱ្យមនុស្សចំនួន ៥០នាក់ឈឺ និង១០នាក់បានស្លាប់ ករណីពិលស្រានៅខេត្តក្រចេះនៅឆ្នាំ២០១៨ បណ្តាលឱ្យមនុស្សចំនួន ៦២នាក់ឈឺ និង៣នាក់បានស្លាប់ ករណីពុលស្រាថ្នាំ យីហោ តាំង កួយ នៅខេត្តបន្ទាយមានជ័យ បណ្តាលឱ្យមនុស្ស៨នាក់បានស្លាប់ និងករណីពុលស្រានៅខេត្តកំពង់ឆ្នាំង បណ្តាលឱ្យមនុស្ស៧នាក់បានស្លាប់ និងមានអ្នករងគ្រោះរាប់រាយនាក់នៅខេត្តទាំងពីរខាងលើ ក្នុងឆ្នាំ២០២០កន្លងមកថ្មីៗនេះ។
ក្នុងសិក្ខាសាលានេះ ឯកឧត្តម ឌឹម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើបទបង្ហាញអំពីវិធានការបង្ការពីការពុលស្រា និងបទប្បញ្ញត្តិពាក់ព័ន្ធ ដើម្បីឱ្យលោក លោកស្រី ជាផលិតករ អាជីវករ អ្នកចែកចាយ យល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ។
លើសពីនេះគឺបៀបផលិត ចែកចាយ និងដាក់លក់ត្រឹមត្រូវ ធានាឱ្យមានការអនុវត្តអាជីវកម្មចែកចាយផលិតផលស្រា ស និងស្រាថ្នាំប្រកបដោយទំនុកចិត្ត និងមានសុវត្ថិភាព លុបបំបាត់ និងកាត់បន្ថយជាអតិបរមា ពីការពុលស្រា ដល់ប្រជាពលរដ្ឋ និងការអនុវត្តច្បាប់ចំពោះអ្នកបំពាន។
តាមរយៈការពិន័យអន្តរការណ៍ ឬវិធានការតុលាការក្នុងករណីមិនរាងចាល។ ក្នុងនោះដែរ អគ្គនាយកដ្ឋាន ក.ប.ប នឹងបន្តបើកវគ្គអប់រំផ្សព្វផ្សាយនេះ នៅខេត្តកំពង់ឆ្នាំនៅថ្ងៃទី៨ និងខេត្តពោធិ៍សាត់ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ។