ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ឈួន សោភា មេគយចល័តតំបន់៥ រងការចោទប្រកាន់ថា ធ្វើឲ្យមន្ត្រីយោធាម្នាក់សម្លាប់ខ្លួនព្រោះស្តាយរថយន្ត

បន្ទាយមានជ័យ៖ លោក ឈួន សោភា មេគយចល័តតំបន់៥ ឈរជើងលើផ្លូវជាតិលេខ៥ បានរងការចោទប្រកាន់ពីមន្ត្រីយោធាជាន់ខ្ពស់ថា ធ្វើឲ្យមន្ត្រីយោធាការពារព្រំដែនម្នាក់ ចងកសម្លាប់ខ្លួន​ ព្រោះស្តាយរថយន្តមួយគ្រឿង ដែលត្រូវមន្ត្រីគយចាប់រឹបអូសយក។

មន្ត្រីចនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ អាយុ៣៣ឆ្នាំ មានទីលំនៅផ្លូវឡើងវិទ្យាល័យអូរអំបិល ភូមិ/សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ  បានចងកធ្វើអត្តឃាត កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដោយសន្និដ្ឋានថា មានវិបត្តផ្លូវចិត្ត។

ក្រោយពីទទួលដំណឹងពីករណីលោក នាង រិទ្ធិឆ័យ ចងកសម្លាប់ខ្លួននៅលើដើមឈើ លោកឧត្តមសេនីយ៍ទោ​ សេង ធារិន មេបញ្ជាការរងយោធភូមិភាគ៥​ កាលពីថ្ងៃទី១០ ខែកម្ភៈ ឆ្នាំ២០២១ បានបង្ហោះសារមួយ នៅក្នុងហ្វេសប៊ុករបស់លោក ដោយលើកឡើងថា មូលហេតុនៃការស្លាប់នៃមន្ត្រីយោធារូបនេះ​ អាចជាកំហុសគយចលត័តំបន់៥ គ្រប់គ្រងដោយលោក ឈួន សោភា។

លោកឧត្តមសេនីយ៍ បានសរសេរថា «ខ្ញុំគិតថា ការប្រមូលពន្ធជារឿងចាំបាច់ណាស់ ដែលគួរលើកទឹកចិត្តដល់មន្ត្រីគយ ដើម្បីធានាប្រាក់ចំណូលជាតិ។ តែក្នុងករណីនេះ លោកគយប្រើដៃក្តៅពេកទេដឹង? រថយន្តនេះចាស់ពេកហើយ មិនគួរដុតឲ្យខ្លោចរោចឲ្យឆៅទេ។ រថយន្តចាស់មួយនេះបានបម្រើអង្គភាពមិនតិចទេ។ ខ្ញុំពិតជាអាណិតដល់គ្រួសារជនរងគ្រោះណាស់ ក៏ស្តាយយោធិន ដែលមានសមត្ថភាពដែរ  ក៏មិនលើកទឹកចិត្តឲ្យកងកម្លាំងប្រើរថយន្តអត់ពន្ធដែរ។ លោកមេគយចលត័តំបន់៥ លោកធ្លាប់មានបញ្ហាអីខ្លះ ខ្លួនលោកផ្ទាល់ដឹងហើយ»។

លោកឧត្តមសេនីយ៍ សេង ធារិន បានសរសេរបន្តទៀតថា​ លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍រហូតធ្វើឲ្យខូចរថយន្តម៉ាកវីហ្គោ ចង្កូតស្តាំ ដូច្នេះលោកក៏បានឲ្យជាងជួសជុលរួចរាល់ ទើបបើករថយន្តនេះមកកាន់អង្គភាពវិញ ដោយមិនបានពាក់ស្លាកលេខឲ្យបានត្រឹមត្រូវឡើយ ក៏ត្រូវគយចលត័តំបន់៥ចាប់រឹបអូសយកតែម្តង។

លោកបានអះអាងថា «រថយន្តនោះ ម៉ាកវីហ្គោ ឆ្នាំផលិត២០១៣ ជារថយន្តមានស្លាកលេខប្រើប្រាស់ច្រើនឆ្នាំហើយ។ លោកមេបញ្ជាការកងការពារព្រំដែន៥០៣ ស្នើសុំយ៉ាងណាក៏ដោះស្រាយមិនចេញ ដោយសារមូលហេតុរឿងនេះ លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ បានសម្រេចចិត្តចងកសម្លាប់ខ្លួន ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ»។

សមត្ថកិច្ចនគរបាលរដ្ឋបាលឃុំ បានឲ្យដឹងថា លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ មានទីលំនៅផ្លូវឡើងវិទ្យាល័យអូរអំបិល ភូមិ/សង្កាត់អូរអំបិលក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ  បានចងកធ្វើអត្តឃាត កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចប្រឡាយភ្លោះ ខាងកើតផ្លូវលំ ចូលឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ សមត្ថកិច្ចបន្តថា មូលហេតុនៃការចងក គឺជនរងគ្រោះមានវិបត្តផ្លូវចិត្ត។

តែបើតាមប្រភពផ្សេងៗទៀត បានឲ្យដឹងថា លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ មន្ត្រីយោធាកងការពារព្រំដែនលេខ៥០៣ ជាមនុស្សជំនិត និងជាអ្នកធ្វើសេដ្ឋកិច្ចឲ្យមេហើយក៏ជាអ្នកនាំចូលរថយន្តចង្កូតស្តាំខុសច្បាប់ដែរពីប្រទេសថៃដែរ។

លោក ឈួន សោភា មិនអាចសុំការបកស្រាយបំភ្លឺចំពោះការចោទប្រកាន់លោកឧត្តមសេនីយ៍ សេង ធារិន​​ បានឡើយ ប៉ុន្តែលោក ឈុន  សុវណ្ណារី  មន្ត្រីគយចល័តប្រចាំតំបន់៥ បានបកស្រាយនាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ថា ករណីរថយន្តចង្កូតស្តាំរបស់លោក នាង រិទ្ធិឆ័យ  គឺត្រូវបានមន្ត្រីគយចល័តចាប់យករក្សាទុកនៅស្នាក់ការគយចល័តអស់រយៈពេលបីបួនខែកន្លងមកហើយ៕