ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានទទួលជួបពិភាក្សាជាមួយលោកស្រី Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតហ្វីលីពីនថ្មីប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។
លោកស្រី Maria Amelita C.Aquino បានសំដែងនូវការរីករាយយ៉ាងខ្លាំងចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ នាំកម្ពុជាឱ្យមានកំណើនសេដ្ឋកិច្ចជាច្រើនឆ្នាំកន្លងមកនេះ ។
លោកស្រីបានបន្តថា បេសកកម្មរបស់លោកស្រីមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ចនិងវិស័យវិនិយោគ។
លោកស្រីបានបន្ថែមទៀតថា ការពង្រីក ពង្រឹងទំនាក់ទំនង ជាពិសេសលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគនេះ គឺលោកស្រីនឹងយកចិត្តទុកដាក់ទៅលើកិច្ចព្រមព្រៀងដែលមានស្រាប់ដែលបានចុះហត្ថលេខាហើយនោះ នឹងពិនិត្យមើលលទ្ធភាព និងកិច្ចការផ្សេងៗទៀតដែលប្រទេសយើងទាំងពីរមានរួមគ្នានោះ។ នៅពេលខាងមុខ យើងនិងត្រៀមខ្លួនជាស្រេចដើម្បីធ្វើយ៉ាងណា ចាប់ផ្ដើមដំណើរការទំនាក់ទំនងសកម្មភាពពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគឡើងវិញ បន្ទាប់ពីជំងឺ កូវីដ ១៩បានសាបរលាបទៅ ដែលកន្លងមកត្រូវបានផ្អាកមួយរយៈ។
សម្ដេចតេជោ បានមានប្រសាសន៍ថា ជាការពិតជំងឺកូវីដ១៩ វាពិតជាបានធ្វើឲ្យមានការផ្អាកនៃសកម្មភាពសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មមួយចំនួនពិតមែន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយយើងនឹងការត្រៀមខ្លួនចាប់ផ្ដើមសកម្មភាពទាំងនោះឡើងវិញ ហើយយើងគប្បីពិនិត្យមើលសកម្មភាព និងសក្តានុពលដទៃទៀតដែលមានជាពិសេសនៅក្នុងក្របខណ្ឌនៃ ខ័ណ្ឌអាស៊ានChina និង ASEM ផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកស្រី អគ្គរដ្ឋទូតហ្វីលីពីនថា កម្ពុជាយើងមានអង្ករនៅសល់ជាច្រើនប្រមាណ៦លានតោនក្នុងមួយឆ្នាំ ក្នុងន័យនេះ សម្តេចតេជោក៏បានស្នើឲ្យហ្វីលីពីន ពិនិត្យមើលលទ្ធភាពពិចារណា អំពីស្ថិរភាពស្បៀងជាអង្ករ ដែលមាននៅកម្ពុជាសម្រាប់ការនាំចេញទៅប្រទេសហ្វីលីពីន ។
សម្ដេចតេជោបានមានប្រសាសន៍ថា យើងគប្បីណាពិនិត្យមើលសក្តានុពលណាដែលមាននៅក្នុងតំបន់របស់យើង ជាជាងពិនិត្យមើលសក្តានុពល នៅទីឆ្ងាយៗ ពោលគឺយើងអាចធ្វើយ៉ាងណា ទាញយកសក្តានុពលនេះមកប្រើប្រាស់ ហើយបំពេញឲ្យគ្នាទៅវិញទៅមក៕