សៀមរាប៖ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានចែកអង្ករចំនួន ៥០តោន ដែលផ្តើមចេញពីការធ្វើស្រែសង្គមរបស់រដ្ឋបាលស្រុកបន្ទាយស្រី ជូនដល់គ្រួសារ(ក្រ១.ក្រ២ ) និង ប្រជាការពារភូមិសរុបចំនួន ២ ៦៦៨ គ្រួសារ មកពី៦ឃុំក្នុងស្រុក ដែលជួបការខ្វះខាតក្នុងវិបត្តិជំងឺកូវីដ ១៩ ។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា អង្ករសម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រ (ក្រ១ និងក្រ២) និងប្រជាការពារទូទាំងស្រុកបន្ទាយស្រីនៅពេលនេះ គឺបានមកពីការបង្ករបង្កើនផលលើផ្ទៃដីសែ្រចំនួន៤០ហិកតា ដែលរដ្ឋបាលស្រុកបានជួលពីបងប្អូនប្រជាពលរដ្ឋក្នុងឃុំព្រះដាក់ ហៅថាស្រែសង្គម។
លោកបន្ថែមថា ការជួលដីស្រែពីបងប្អូនប្រជាពលរដ្ឋខាងលើ រដ្ឋបាលស្រុកបានឱ្យថ្លៃឈ្នូលដល់ម្ចាស់ស្រែ ក្នុងមួយគ្រួសារ ៣ ទៅ៤ការ៉ុងស្រូវ ទៅតាមទំហំដីដែលបងប្អូនប្រជាពលរដ្ឋមាន។ ក្រោយពីបង្កបង្កើនក្នុងរដូវវស្សា រដ្ឋបាលស្រុកបានប្រមូលផល លើផ្ទៃដី៤០ហិកតា ទទួលបានផលស្រូវចំនួន៨០តោន រួចយកមកកិនជាអង្ករបានចំនួន៤៣តោន សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ (ក្រ១ ក្រ២ និង ប្រជាការពារ) សរុបទាំងអស់ ទូទាំងស្រុកបន្ទាយស្រីមានចំនួន២ ៦៦៨គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានចំនួន២០គីឡូក្រាម ។ ក្នុងនោះក៏មានបងប្អូនសប្បុរសជន និងក្រុមហ៊ុន មួយចំនួនបានចូលរួមឧបត្ថម្ភដល់មងប្អូនផងដែរ ។
លោក ទៀ សីហា បានកោតសរសើរចំពោះភាពដឹកនាំរបស់រដ្ឋបាលស្រុកបន្ទាយស្រី ដែលមានលោក ឃឹម ហ្វីណង់ ជាអភិបាលស្រុក ក្នុងការដឹកនាំច្នៃប្រឌិត លើការទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងស្រុករបស់ខ្លួន ក្រោយពេលវិស័យទេសចរណ៍មានការធ្លាក់ចុះ ដោយរងផលប៉ះពាល់ពីជម្ងឺកូវិដ១៩ ។
លោកអភិបាលខេត្តបានបន្តទៀតថា ការចែកអង្ករដែលបានមកពីការធ្វើស្រែសង្គមរបស់រដ្ឋបាលស្រុកបន្ទាយស្រី ជូនដល់បងប្អូនប្រជាពលរដ្ឋ និងប្រជាការពារភូមិ) ទូទាំងស្រុកបន្ទាយស្រីនេះ ដោយសារតែការរាត្បាតនៃជំងឺកូវីដ១៩ បានធ្វើឲ្យប្រជាពលរដ្ឋមានការរងផលប៉ះពាល់ជាច្រើន សំខាន់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ កាន់តែជួបការលំបាកខ្លាំង ។ កត្តានេះហើយ រដ្ឋបាលស្រុកបន្ទាយស្រីបានសហការជាមួយសប្បុរសជន អង្គការដៃគូ និងប្រជាពលរដ្ឋបានរួមគ្នាធ្វើស្រែសង្គម ដើម្បីយកអង្ករមកជួយដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងស្រុករបស់ខ្លួន ហើយទាំងនេះគឺជាសកម្មភាពនេះ ជាគំរូមួយដ៍ល្អ និង ជួយប្រជាពលរដ្ឋបានទាន់ពេលវេលានៅពេលដែលពួកគាត់មានតម្រូវការខ្លាំង ៕