បាត់ដំបង៖ មន្ត្រីសាខា ក.ប.ប. ខេត្តបាត់ដំបង បានការសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាព ម្ហូបអាហារ និងត្រួតពិនិត្យទំនិញដែលជាគ្រឿងឧបភោគ បរិភោគ នៅផ្សារព្រែកតាច្រែង និងផ្ទះលក់ទំនិញ ក្នុងឃុំព្រែក នរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។
គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។
មន្ត្រីជំនាញបានវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួនរួមមាន៖ ពពុះសណ្ដែក ជ្រក់ទំពាំង ជ្រក់ស្ពៃ ណែមសាច់ត្រី សរសៃគុយទាវ (តូច និងធំ) មីលឿង មឹក និងបង្គា ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងហួសកាលបរិច្ឆេទប្រើប្រាស់ ប្រមាណ ១២គីឡូក្រាម រួមមាន៖
– ពពុះសណ្ដែក មានសារធាតុគីមី បូរ៉ាក់ (Borax) ចំនួន ៣គីឡូក្រាម
– ដៃមឹក មានសារធាតុគីមី ហ្វូកម៉ាលីន (Formalin) ចំនួន ២.៥០គីឡូក្រាម
– មីកំប៉ុង ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ៦.៥០គីឡូក្រាម។
មន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុកដើម្បីធ្វើការដុតកម្ទេចចោល។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕